ចិនបើកកិច្ចពិភាក្សាបន្ទាន់ជាមួយក្រុមហ៊ុនបន្ទះឈីប បន្ទាប់ពីសហរដ្ឋអាមេរិករឹតត្បឹតការនាំចេញ
ចិន៖ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានកោះប្រជុំបន្ទាន់ជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនសេម៊ីកុងឌុចទ័រឈានមុខគេមួយចំនួន ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរឹតត្បឹតការនាំចេញបន្ទះឈីបទៅចិនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ទី ២០ ខែតុលា នេះ។
អាជ្ញាធរចិនកោះហៅនាយកប្រតិបត្តិពីក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនសេម៊ីកុងឌុចទ័រ Yangtze Memory Technologies Co (YMTC) និងផលិតកុំព្យូទ័រ Dawning Information Industry Co ដើម្បីចូលរួមកិច្ចប្រជុំបិទទ្វារ។
ការកោះហៅនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ចូបៃដិន បានអនុម័តលើច្បាប់ត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយមួយ ក្នុងបន្ថយល្បឿននៃការរុលទៅមុខនៃវិស័យបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង តាមរយៈការរឹតបន្តឹងលើការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួនទៀត ទៅកាន់ប្រទេសចិន។
អ្នកជំនាញបានអះអាងថា ច្បាប់ថ្មីនេះនឹងមានផលប៉ះពាល់យ៉ាងធំធេង ដោយធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្សេងរបស់ចិន មិនថាការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួន ឬការជំរុញការស្រាវជ្រាវដែលបម្រើឱ្យរដ្ឋ ឬពាណិជ្ជកម្ម ពាក់ព័ន្ធនឹងអាវុធយោធា បញ្ញាសិប្បនិម្មិត និងវិស័យផ្សេងៗទៀត ដែលដំណើរការដោយកុំព្យូទ័រទំនើប និងបន្ទះឈីបកម្រិតខ្ពស់។
យោងតាមការរាយការណ៍របស់ Bloomberg អ្នកចូលរួមកិច្ចប្រជុំបិទទ្វារបស់ក្រសួងចិនជាច្រើន បានអះអាងថា ការរឹតត្បឹតរបស់សហរដ្ឋអាមេរិកបានប៉ះពាល់ដល់ឧស្សាហកម្មរបស់ពួកគេ ក៏ដូចជាមហិច្ឆតារបស់ចិនក្នុងការលុបបំបាត់សេដ្ឋកិច្ចដែលពឹងផ្អែកបច្ចេកវិទ្យាអាមេរិក។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ក្រុមហ៊ុន YMTC និងក្រុមហ៊ុន Dawning ក៏ដូចជាក្រសួងឧស្សាហកម្មចិន មិនទាន់បានបកស្រាយយ៉ាងណានោះទេ។
សូមបញ្ជាក់ថា ក្នុងពិធីបើកសមាជបក្សកុម្មុយនិស្តចិនកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យចិនយកឈ្នះក្នុងការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាស្នូល ក្នុងរបាយការណ៍ការងារ។ យ៉ាងណាមិញ អ្នកជំនាញបានអះអាងថា របាយការណ៍ការងារនោះ អាចបង្ហាញពីការផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តរបស់ទីក្រុងប៉េកាំង ក្នុងការជំរុញឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួន ជាមួយនឹងការចំណាយ និងការអន្តរាគមន៍ពីរដ្ឋកាន់តែច្រើន ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក៕
ដោយ៖ហួន ឌីណា