ម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខ ដើម្បីស្ដារស្ថិរភាពនយោបាយ
ម៉ាឡេស៊ី៖គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ីប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ២០ ខែតុលានេះថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីមានការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ ដើម្បីស្ដារស្ថិរភាពនយោបាយក្នុងប្រទេស។
សម្រាប់ការបោះឆ្នោតខាងមុខនេះ ប្រជាជនម៉ាឡេស៊ីប្រហែល ២១ លាននាក់មានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាសម្រាប់សភាជាន់ទាបដែលមាន ២២២ អាសនៈ។ គណបក្ស ឬសម្ព័ន្ធដែលឈ្នះសំឡេងភាគច្រើន ឬស្មើនឹង ១១២ អាសនៈ នោះនឹងអាចបង្កើតរដ្ឋាភិបាលបន្ទាប់។
ក្រុមអ្នកវិភាគបានអះអាងថា គណបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) ដ៏សំខាន់ អាចនឹងឈានមុខបន្តិចបន្តួចក្នុងការបោះឆ្នោតនៅខែក្រោយ ខណៈដែលគណបក្សប្រឆាំងកំពុងមានភាពច្របូកច្របល់ នៅពេលដែលចំនួនអ្នកទៅបោះឆ្នោតក៏រំពឹងថានឹងមានការថយចុះ។នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ គណបក្ស UMNO បានបាត់បង់អំណាចជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ ដោយសារតែកំហឹងសាធារណៈ ជុំវិញរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ 1MDB ។
ប៉ុន្តែអ្នកសង្កេតការណ៍ផ្សេងៗមើលឃើញថា អ្នកបោះឆ្នោតលើកនេះ ហាក់មានការព្រួយបារម្ភទាក់ទងនឹងតម្លៃនៃការរស់នៅ និងអត្រាការប្រាក់ខ្ពស់ ក៏ដូចជាភាពរង្គុះរង្គើមិនគួរឱ្យទុកចិត្តរបស់អ្នកនយោបាយ ដែលធ្វើឱ្យមានការដួលរលំនៃរដ្ឋាភិបាលចម្រុះ បង្កើតឡើងដោយគណបក្សឈ្នះឆ្នោតឆ្នាំ ២០១៨ គឺគណបក្ស Pakatan Harapan (PH)។ យ៉ាងណាមិញ បញ្ហានយោបាយមិនមានស្ថិរភាពនេះ ក៏បន្តនៅពេលដែលគណបក្ស UMNO បន្តកាន់កាប់រដ្ឋាភិបាលជំនួស ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី Ismail Sabri ។
កាលពីថ្ងៃទី ១០ ខែតុលា លោក Sabri បានប្រកាសរំលាយសភាម៉ាឡេស៊ី ហើយអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ដោយលោកសង្ឃឹមថា ការបោះឆ្នោតនេះនឹងស្ដារស្ថិរភាពនយោបាយក្នុងស្រុករបស់ម៉ាឡេស៊ីឡើងវិញ។
អ្នកវិភាគបានមើលឃើញថា ទិដ្ឋភាពនយោបាយម៉ាឡេស៊ីនាពេលនេះ មានភាពប្រេះស្រាំជាងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ឬ ១៩៩០ នៅពេលដែលគណបក្ស UMNO និងសម្ព័ន្ធ Barisan Nasional (BN) របស់គណបក្សនេះ បានគ្រប់គ្រងប្រទេស។ អ្នកវិភាគព្យាករថា លទ្ធផលបោះឆ្នោតនឹងអាចមានភាពប្រកិតប្រកើយគ្នា ដែលទាមទារឱ្យបក្សនយោបាយទទួលយក ដើម្បីជៀសវាងភាពជាប់គាំងនយោបាយតទៅមុខទៀត៕
ដោយ៖ហួន ឌីណា