គ.ជ.ប អះអាងថា ការិយាល័យទាំង១ ៦៥២បានដំណើរការពិនិត្យបញ្ជីនិងការចុះឈ្មោះបោះឆ្នោតថ្មីមានភាពរលូន
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអះអាងថា ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីនៅថ្ងៃទីមួយនេះ មានសភាពរលូន ដោយមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់។ក្នុងរយៈពេល៥០ឆ្នាំ ការិយាល័យឃុំ-សង្កាត់ទាំង១ ៦៥២ទូទាំងប្រទេសនឹងបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ពីថ្ងៃទី២០តុលារហូតដល់ថ្ងៃទី៨ធ្នូ២០២២។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានឲ្យដឹងថា៖ «នៅថ្ងៃទីមួយនៃថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ នៅការិយាល័យទាំង១ ៦៥២ទូទាំងការិយាល័យឃុំ-សង្កាត់ទាំងអស់ បានបើកដំណើរការឱ្យប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ហើយការិយាល័យចុះឈ្មោះបោះឆ្នោតទាំង១ ៦៥២ គឺដំណើរការដោយប្រក្រតី»។
ទោះបីជាភ្លៀងធ្លាក់តាំងពីព្រឹកព្រលឹមមកក្តី ក៏ប៉ុន្តែការិយាល័យទាំងអស់បានដំណើរការទៅដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សោម សូរីដា។
តាមតួលេខព្យាករណ៍របស់ គ.ជ.ប ការចុះឈ្មោះថ្មីនៅឆ្នាំនេះនឹងអាចពលរដ្ឋប្រមាណ៥សែននាក់នឹងមកចុះឈ្មោះថ្មី ខណៈដែលក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១គឺមានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន២សែននាក់។ តាមឯកឧត្តម សោម សូរីដា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ នឹងមានពលរដ្ឋមានសិទ្ធិបោះឆ្នោតកើនដល់ជិត១០លាននាក់។
អគ្គលេខាធិការរងនៃគ.ជ.ប រូបនេះ អះអាងថា យុទ្ធនាការ៥០ថ្ងៃក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះប្រជាពលរដ្ឋថ្មី មានសារៈសំខាន់សម្រាប់ការឈានទៅបង្កើតបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត នៅពេលខាងមុខ។ ម្យ៉ាងវិញទៀត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នឹងអាចឲ្យប្រជាពលរដ្ឋធ្វើការកែតម្រូវករណីខុសឈ្មោះ ថ្ងៃខែកំណើត ឬការផ្លាស់ប្តូរទីលំនៅថ្មី។
បើតាមឯកឧត្តម សោម សូរីដា ក្រោយការពិនិត្យបញ្ជី និងចុះឈ្មោះថ្មីបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងរៀបចំបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចុងក្រោយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនឹងរៀបចំឡើងនៅខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ សេក ប្រាក់