មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីទីម័រខាងកើត
អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសមចំពោះប្រធានាធិបតីទីម័រខាងកើតលោក ហូសេ រ៉ាម៉ូស ហ័រ តា ក្នុងឱកាសបំពេញទស្សនកិច្ច៣ថ្ងៃលើទឹកដីប្រទេសកម្ពុជា។
ជំនួបនារសៀលថ្ងៃទី១៩តុលា បានផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល, កសិកម្ម អប់រំ ថាមពល និងការបើកជើងហោះហើរត្រង់រវាង ប្រទេសទាំង២។
ប្រធានាធិបតីទីម័រខាងកើតបានថ្លែងកត់សម្គាល់ពីការអភិវឌ្ឍរីក ចម្រើនដ៏ ឆាប់រហ័សរបស់ប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្សកន្លងមក ។ លោក ហូសេ រ៉ាម៉ូស ហ័រ តា បានថ្លែងរំឭកអំពីភាពជាអ្នកដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ ដែលសម្តេចតេជោ មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។
ប្រទេសទីម័រខាងកើត គឺជាប្រទេសមួយដែលបានប្រឹងប្រែងស្វែងរកឯករាជ្យចេញពីប្រទេស ព័រទុហ្គាល់កាលពីឆ្នាំ ១៩៧៥ និងក្រោយមកចេញពីឥណ្ឌណេស៊ីក្នុងឆ្នាំ២០០២។ ប្រទេសទីម័រ ខាងកើត បច្ចុប្បន្នកំពុងដាក់បេក្ខភាពធ្វើជាសមាជិកទី១១របស់អាស៊ាន ដែលគេរំពឹងថា បេក្ខភាពនៃសមាជិកនេះនឹងអាចត្រូវសម្រេចក្នុងកិច្ចប្រជុំកំពូល អាស៊ានចុងឆ្នាំ២០២២ ខាងមុខ នេះឬនៅឆ្នាំក្រោយ។