សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការត្រៀមទប់ទល់នឹងឧបាយកលក្រុមឧទ្ទាម
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគេបានត្រៀមរៀបចំការទប់ទល់ នឹងឧបាយកលរបស់ ក្រុមឧទ្ទាមដែលប៉ុនប៉ងបង្កចលាចលក្នុងឆ្នាំ២០២៣ដែលជាឆ្នាំកម្ពុជានឹងរៀបចំការបោះឆ្នោតសកល។
ប្រសាសន៍ថ្លែងនៅថ្ងៃទី២០តុលានេះ បានធ្វើឡើងក្នុងឱកាសដែលបានអញ្ជើញទៅ កាន់មណ្ឌលបោះឆ្នោតក្នុងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីការប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុង បញ្ជីឈ្មោះបោះឆ្នោតរបស់សម្តេច ដែលប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
ប្រសាសន៍អំពីការត្រៀមទប់ទល់នឹងឧបាយកលនោះ បានធ្វើឡើង ក្នុងសប្តាហ៍ដែលមានការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ញុះញង់ កងកម្លាំងប្រដាប់អាវុធ ឱ្យងើបប្រឆាំងនឹងរាជរដ្ឋាភិបាល និងនិយាយថាគាត់នឹងមកកម្ពុជាវិញ ក្នុងឆ្នាំ២០២៣ដើម្បី រំដោះកម្ពុជា។
សម្តីរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការញុះញង់រកអំពើបះបោរពីកងកម្លាំងប្រដាប់អាវុធដើម្បី ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នេះ មិនមែនទើបជាលើកទី១នោះឡើយ។ ប៉ុន្តែសម្តីញុះញង់ កន្លងមករបស់ទណ្ឌិតរូបនេះតែងធ្វើឱ្យអ្នកជឿផ្កាប់មុខក្នុងសម្តីញុះញង់បានរងទុក្ខទោស និង ខ្លះបាននិងកំពុងជាប់ក្នុងពន្ធនាគារមិនទាន់រួចខ្លួននៅឡើយ។
សម្តីញុះញង់ចុងក្រោយរបស់ ទណ្ឌិតសមរង្ស៊ីនេះទៀត ត្រូវគេបារម្ភខ្លាចក្រែងអាចមានមនុស្សខ្លះទៀត នឹងក្លាយជាឧបករណ៍ប្រើប្រាស់ក្នុងនោះក៏រួមមានទាំងគណបក្សនយោបាយខ្លះ ដែលគេបានដឹងថាកំពុង មានទំនាក់ទំនងជាមួយទណ្ឌិតសមរង្ស៊ីនេះផងទៀត។
សម្តេចតេជោ ហ៊ុន សែន បានព្រមានសាជាថ្មីដល់គណបក្សនយោបាយទាំងឡាយណាដែលហ៊ានពាក់ នឹងមេខ្លោង សម រង្ស៊ី ដែលប្រកាសចង់បង្កចលាចលមួយក្នុងឆ្នាំបោះឆ្នោត២០២៣។
សម្តេចតេជោ ហ៊ុន សែន កាលពីក្នុងសប្តាហ៍នេះបានហៅសមរង្ស៊ីថាជាមនុស្សនៃ ត្រកូលក្បត់ ៣ជំនាន់ និងបានប្តេជ្ញាការត្រៀមចាប់ខ្លួនសមរង្ស៊ីដាកគុកបើសិនជាវិលត្រឡប់ មកវិញ។