សម្តេចតេជោបញ្ជាក់ការមិនលើកលែងទោសដាច់ខាតដល់ សម រង្ស៊ី
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ការមិនលើកលែងទោសដាច់ខាតដល់ទណ្ឌិត សម រង្ស៊ី ក្នុងសំណួរឆ្លើយតបមួយចំពោះក្រុមអ្នកសារព័ត៌មាន។ ទណ្ឌិតសមរង្ស៊ី ត្រូវបានសម្តេចថ្លែង ថាធ្លាប់បានលើកលែងទោសចំនួន២ដងរួចមកហើយ, និងទណ្ឌិតរូបនេះមិនត្រឹមតែមិនកែកំហុសរបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងបានបង្កើនកំហុសដ៏ធ្ងន់ធ្ងរថែមទៀតចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ដែលមានស្នាដៃក្នុងការកម្ទេចអង្គការចាត់ តាំងក្រុមឧទ្ទាមខ្មែរក្រហម និងបានធ្វើឱ្យប្រទេសមានសន្តិភាពពិតប្រាកដឡើងវិញកាលពីចុង ឆ្នាំ១៩៩៨នោះមក បានតាំងចិត្តថានឹងកម្ទេចចោលថែមទៀតនូវឧបាយកលរបស់សមរង្ស៊ី ដែលចង់ទាញឱ្យប្រទេសមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន នៅបានបញ្ជាក់ដែរថាក្នុងដំណើរបំពេញទស្សនកិច្ចតាមបណ្តាខេត្ត ដែលរងនឹងទឹកជំនន់ក្នុងសប្តាហ៍នេះ សម្តេចនឹងឆ្លៀតជួបកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជ ការដើម្បីរៀបចំនូវគម្រោងផែនការកំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ក្រុមជនក្បត់ ជាតិ៣ជំនាន់នោះផងទៀត។