លោក ចូ បៃដិន ព្រួយបារម្ភអំពីការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះសភា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះអនាគតនៃជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋអាចគ្រប់គ្រងសភាណាមួយ ឬក៏សភាទាំងពីររបស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្ត លោក Kevin McCarthy បាននិយាយថា ខ្លួននឹងមិនមានឆន្ទៈក្នុងការសរសេរសែកសម្រាប់ជំនួយអ៊ុយក្រែនឡើយ បើគណបក្សសាធារណរដ្ឋកាន់កាប់សភាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិពិតមែននោះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា គាត់មានការព្រួយបារម្ភជាខ្លាំង ក្រោយមានសំណួរអំពីផលប៉ះពាល់លើជំនួយអ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះសភា។
លោក បៃដិន បានស្ថិតនៅក្នុងទីក្រុងភីតស្បឺគ ដើម្បីជួយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យលោក ចន ហ្វេតធើមែន (John Fetterman) ដែលជាបេក្ខជនសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ កំពុងប្រជែងជាមួយបេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក មេសម៉េត អូស (Mehmet Oz) ហើយដែលការប្រជែងរវាងបេក្ខជនទាំង២នាក់នេះ អាចនឹងកំណត់ថាតើគណបក្សប្រជាធិបតេយ្យនឹងនៅតែអាចបន្តគ្រប់គ្រងព្រឹទ្ធសភាតទៅទៀតដែរឬក៏យ៉ាងណា។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាមានទឹកប្រាក់ជាង ១៧.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា