សម្តេចតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមជនក្បត់ជាតិបីជំនាន់ឱ្យខាងតែបាន តែសម្តេចនឹងលើកលែងទោស ដល់បុគ្គលណាដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្ដេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមជនក្បត់ជាតិបីជំនាន់ឱ្យខាងតែបាន តែសម្តេចបញ្ជាក់ថា នឹងចុះហត្ថលេខាលើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិនេះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។
សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង ៕ ដោយ វណ្ណលុក



