សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតនាព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានថ្លែងមតិស្វាគមន៍ចំពោះមន្ត្រីពាក់ ព័ន្ធដែលអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍លើកាងារអធិការកិច្ច និងការងារជាច្រើនទៀតលើការងារត្រួតពិនិត្យជនបរទេសដែលស្នាក់នៅ និងធ្វើការ នៅព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កិច្ចការងារអធិការកិច្ចរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ត្រូវបន្តកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងក្រុមហ៊ុនរោងចក្រ សហគ្រាស អ្នកវិនិយោគគិននានាហើយការងារនេះផងដែរ ពិតជាបានរួមចំណែក ក្នុងការពង្រឹងការងាររក្សាសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើសេចក្តីរាយការណ៍សង្ខេបជុំវិញលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេសគិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២២ជូន សម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍លើកឡើងថា ក្រោមការអនុវត្តប្រកាសអន្តរក្រសួងស្តីពីអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចហត្ថពលកម្មជារៀងរាល់ឆ្នាំដោយបានរៀបចំក្រុមការងារចុះអធិការកិច្ចនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានាទូទាំងប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ជាលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២បានចុះត្រួតពិនិត្យគោលដៅចំនួន ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបរទេស ចំនួន ៣០.៨៣៤នាក់ ព្រមទាំងបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២.៤១៦នាក់។

ក្រោយបានស្តាប់របាយការណ៍សង្ខេបរួចហើយនោះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ គាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ បន្តអនុវត្តផែនការនេះឱ្យបានហ្មត់ចត់ស្របតាមវិជ្ជាជីវៈ ការទទួលខុសត្រូ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីឱ្យឈានដល់គោលដៅដែលយើងចង់បាន ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner