ប្រមុខការពារជាតិរុស្ស៊ី និងអាមេរិកពិភាក្សាគ្នាតាមទូរស័ព្ទជាលើកទី២ ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក សឺហ្គៃ ស៊ុយហ្គូ បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ឡយដ៍ អូស្ទីន នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះជាលើកទី២ ក្នុងរយៈពេលបីថ្ងៃ ហើយបានសន្ទនាតាមទូរស័ព្ទជាមួយប្រមុខការពារជាតិប្រទេសបីផ្សេងទៀតមកពីសមាជិកអង្គការណាតូផងដែរ។

ជាមួយគ្នានេះ រុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិត អំពីការសន្ទនាជាមួយលោក អូស្ទីន ដែលបានកើតឡើងបន្ទាប់ពីប្រមុខការពារជាតិទាំងពីរ បានជួបសន្ទនាជាលើកដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុន ចាប់តាំងពីខែឧសភាមកនោះទេ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់អំពីការអំពាវនាវរបស់លោក ស៊ុយហ្គូ ជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu ថា ប្រមុខការពារជាតិទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ដែលកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។
វាមាននិន្នាការឆ្ពោះទៅរកការកើនឡើងភាពតានតឹងដែលមិនអាចគ្រប់គ្រងបានបន្ថែមទៀត។

ទន្ទឹមគ្នា លោក ស៊ុយហ្គូ ក៏បានពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar និងសមភាគីអង់គ្លេស លោក Ben Wallace ផងដែរ។ ក្រសួងការពារជាតិរបស់លោក ស៊ុយហ្គូ បាននិយាយថា លោកបានប្រាប់សមភាគីបារាំង តួកគី និងអង់គ្លេស អំពីការព្រួយបារម្ភរបស់រុស្ស៊ីថា អ៊ុយក្រែនអាចបំផ្ទុះ “គ្រាប់បែកដ៏គ្រោះថ្នាក់” ដែលជាឧបករណ៍មានសារធាតុវិទ្យុសកម្ម។ ប៉ុន្តែរុស្ស៊ីមិនបានផ្តល់ភស្តុតាងដើម្បីបញ្ជាក់ការអះអាងបែបនេះទេ។

ទោះបីជាយ៉ាងណា លោក Lecornu បាននិយាយបន្ទាប់ពីការអំពាវនាវកាលពីថ្ងៃអាទិត្យថា លោកបានអះអាងជាថ្មីនូវបំណងប្រាថ្នារបស់បារាំង ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយថា ទីក្រុងប៉ារីសបានបដិសេធមិនទទួលយកទម្រង់នៃការកើនឡើងភាពតានតឹងណាមួយឡើយ។ ចំណែកលោក Wallace ក៏បានបដិសេធការអះអាងរបស់លោក ស៊ុយហ្គូ ដែលថា បណ្តាប្រទេសលោកខាងលិចកំពុងជួយសម្របសម្រួលផែនការរបស់អ៊ុយក្រែន ដើម្បីពង្រីកជម្លោះនេះផងដែរ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner