សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់រដ្ឋមន្ត្រីកសិកម្ម ឲ្យរកវិធីផលិតពូជស្រូវនៅក្នុងស្រុក ខណៈគ្រាប់ពូជ ៧ពាន់តោន ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់
បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក ខណៈគ្រាប់ពូជ ៧ពាន់តោន ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងដូចនេះ ក្នុងពិធីចែកពូជស្រូវ ស្បៀង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតគ្រាប់ពូជស្រូវបានក្នុងស្រុក គឺធានាបាននូវលទ្ធភាពផ្គត់ផ្គង់ពូជស្រូវដែលស្របតាមតំបន់នាថ្ងៃខាងមុខ។ សម្ដេចថា៖ ដោយចាប់ផ្ដើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋនៃការអប់រំមុនទិញផងហើយអាចប្រជាពលរដ្ឋរបស់យើងគាត់ទិញពូជសុទ្ធឬក៏យកស្រូវរបស់យើងក៏ដូចជាមួយនឹងស្រូវពូជ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញឱ្យវិស័យឯកជន ចូលរួមក្នុងការចងក្រងកសិករក៏ដូចជារៀបចំជួយដោះស្រាយនូវបញ្ហានេះផងដែរ។ សម្ដេចបន្តថា៖ ពូជដែលបានគឺអាចថារដ្ឋបាលយក ឬក៏ឯកជនប្រមូលទិញ។
សម្ដេចតេជោ បានលើកឡើងថាការប្រើប្រាស់ពូជស្រូវសុទ្ធនឹងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន ហើយការផ្លាល់ប្ដូរផ្នត់គំនិតនេះ សម្ដេចថា សម្ដេចបានចំណាយពេលអស់កន្លះជីវិត ដើម្បីជំរុញអោយពលរដ្ឋចេះប្រើប្រាស់ពូជស្រូវ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ តាំងពីខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺធ្វើកិច្ចការដែលសំខាន់ជាងគេគឺធ្វើយ៉ាងណាឲ្យតូចៗជាកសិកររបស់យើងផ្លាស់ប្ដូរឥរិយាបទ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ គ្រាប់ពូជស្រូវជាង ៧ពាន់តោនត្រូវបានបញ្ជូនទៅចែកជូនប្រជាពលរដ្ឋ។ សម្ដេច ថា រហូតមកដល់ពេលនេះ គឺមានខេត្ត២០ ក្នុងចំណោម២៥ បានរងគ្រោះទឹកជំនន់ទឹកភ្លៀងដែលមានមួយចំនួនរងគ្រោះធ្ងន់ធ្ងរ។ ដោយហេតុនេះរដ្ឋាភិបាលបានបញ្ជូនគ្រាប់ពូជចែកដល់ពលរដ្ឋដែលអាចដើម្បីចូលរួមជួយទៅដល់ការស្ដាររបស់ពលរដ្ឋ។
សម្ដេចតេជោថា៖ «(នៅបាត់ដំបង) យើងដោះស្រាយមួយម៉ឺនគ្រួសារហើយការដោះស្រាយនេះគឺដោះស្រាយចំពោះអ្នកដែលមានលទ្ធភាពស្ដារឡើងវិញ»។
បន្ថែមលើសពីនេះ សម្ដេចតេជោ បន្ថែមថា រដ្ឋាភិបាលនឹងចែកនូវពូជដំណាំផ្សេងៗដើម្បីចែកជូនដល់ពលរដ្ឋធ្វើការដាំដុះផងដែរ ដោយថាការធ្វើបែបនេះ គឺដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជន។
សម្ដេចតេជោក៏បានបញ្ជាឲ្យក្រសួងកសិកម្មសហការជាមួយអាជ្ញាធរដែនដីដើម្បីពិនិត្យមើលពីទិដ្ឋភាពចែកចាយពូជដំណាំផ្សេងពីស្រូវដល់ពលរដ្ឋរងគ្រោះផងដែរ៕ ស៊ូ វណ្ណលុក
![](https://asset.ams.com.kh/central/media/2022/10/photo_2022-10-24_09-54-04-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/10/photo_2022-10-24_09-54-02-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/10/photo_2022-10-24_09-54-09-1024x682.jpg)