លោក បៃដិន អំពាវនាវឱ្យពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោក Kevin Munoz នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថ្លែងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់គាត់ នៅថ្ងៃអង្គារទី២៥ ខែតុលានេះ ហើយជំរុញឱ្យពលរដ្ឋអាមេរិកបន្ថែមទៀតទៅទទួលការចាក់វ៉ាក់សាំង។

គិតមកទល់ពេលនេះ មានតែប្រជាជន ២០លាននាក់នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមសប្តាហ៍មុន ខណៈអ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវការអ្នកគ្រប់គ្នាដើម្បីបោះជំហានទៅមុខ ហើយទៅទទួលវ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំណែកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺឆ្លង (CDC) ក៏បានបញ្ជាក់ដែរថា ពលរដ្ឋអាមេរិកចំនួន ៤.៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុត ចាប់តាំងពីកម្មវិធីចាក់វ៉ាក់សាំងរដូវស្លឹកឈើជ្រុះបានចាប់ផ្តើម ហើយកើនឡើងប្រហែល ៤០ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានធ្វើបច្ចុប្បន្នភាពក្នុងខែកញ្ញាកន្លងទៅ ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ប្រភេទអូមីក្រុង BA.4 និង BA.5 និងទម្រង់ដើមនៃមេរោគនេះ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner