ប្រធាន​ទីភ្នាក់ងារ​ថាមពល​សកលជំរុញឱ្យអាស៊ី​អាគ្នេយ៍​​រៀន​ពី​កំហុសរបស់​​អឺរ៉ុប​នៅក្នុងវិបត្តិថាមពល​

អឺរ៉ុប៖ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​លោក​ Fatih Birol ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។

លោក Birol ​​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ថា​ អាស៊ី​អាគ្នេយ៍​គួរ​រៀន​ពី​វិបត្តិ​ដែល​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប​ ដោយ​សារ​តែ​ការ​​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​មុខ​នឹង​​​ការ​ចំណាយ​ខ្ពស់​​​ និង​បញ្ហា​ផ្គត់​ផ្គង់​លើ​ថាមពល​​​។ ​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​អឺរ៉ុប​បាន​ធ្វើ​កំហុស​មួយ​ ទោះ​បី​ជា​ IEA ​បាន​គូស​បញ្ជាក់​ និង​ព្រមាន​ជា​ច្រើន​ឆ្នាំមក​ហើយ​​ថា​ ​​​មិន​គួរ​ពឹង​ផ្អែក​លើប្រភព​​ផ្គត់​ផ្គង់​ដ៏​​សំខាន់​តែ​មួយ​​សម្រាប់​អ្វី​ក៏​ដោយ​។ ហ្គាស​ និង​ប្រេង​ភាគ​ច្រើន [ដែល​អឺរ៉ុប​នាំ​ចូល​]​ ​មាន​​ប្រភព​សំខាន់​តែ​មួយ​គត់​ គឺ​រុស្ស៊ី​»។

គួរ​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​កំពុង​តែ​ជួប​នឹង​វិបត្តិថាមពល​​ធ្ងន់​ធ្ងរ​ ​ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់របស់​រុស្ស៊ី​​ធ្លាក់​ចុះ។ វិបត្តិ​នេះ​​ ផ្ដើម​ចេញ​ពី​​ទណ្ឌកម្មបិទ​ការ​នាំ​ចូល​ប្រេង​​របស់​ប្លុក​ប្រឆាំង​រុស្ស៊ី​ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ និង​​ការ​ផ្អាកការ​​ផ្គត់​ផ្គង់​ហ្គាសរបស់​ក្រុង​ម៉ូស្គូ​ ដែល​​អឺរ៉ុប​ចោទ​ថា​ជា​ការ​យក​ថាមពល​ធ្វើ​ជា​អាវុធ​គំហែង​កំហែង​ប្លុក​របស់​ខ្លួន​។ បច្ចុប្បន្ននេះ​ អឺរ៉ុប​កំពុង​តែប្រវេប្រវា​ ស្វែង​រក​ប្រភព​ថាម​ពល​ជំនួស​រុស្ស៊ី​។

អ្វី​ដែល​​សំខាន់​ជាង​នេះ​ទៀត​នោះ​ ​លោក​ Birol បាន​បន្ថែម​ថា​ អាស៊ី​អាគ្នេយ៍​គួរ​តែ​វិនិយោគ​បន្ថែម​ទៀត​លើ​ថាមពល​ស្អាត ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈ​ពេល​វែង​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​ងាយ​នឹងបង្កើត​បញ្ហា​ប្រឈម​ ដោយ​សារ​តែ​ការ​​​​ប្រែ​ប្រួល​​នៃ​តម្លៃ​ និង​​​ឥទ្ធិពល​អាក្រក់​​លើ​​សេដ្ឋកិច្ច​។

​លោក​ Birol បាន​​គូស​បញ្ជាក់​ថា​៖ «វា (ឥន្ធនៈ​ហ្វូស៊ីល) ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ថាមពល​ធំ​​ៗ​មួយ​ចំនួន​ ហើយដោយ​សារ​តែ​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​ផ្សេង​ទៀត​ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​ពួក​គេ​ ដោយ​​​បង្កើន​តម្លៃ​។ ហើយ​​សេដ្ឋកិច្ច​​របស់​​​អ្នក​ ​នឹង​​​ងាយ​​រងគ្រោះ​​ទាំង​​ស្រុង​​ចំពោះ​​តម្លៃ​​ខ្ពស់​»។

ប្រធាន​ IEA ដែល​ បាន​បន្ត​ថា​ ​​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ គឺ​​ការ​ងាក​ទៅ​រក​ជម្រើស​ថាមពល​ស្អាត ​ដូច​ជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ថាមពល​វារី​អគ្គិសនី​ និង​ជីវថាមពល​ និង​ការ​ប្រើ​ប្រាស់​យានយន្ត​ដូច​ជា​រថយន្ត​អគ្គិសនី​ជាដើម​។​

លោក​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​ថាមពល​ស្អាត​ មិន​ត្រឺម​តែ​ជួយ​លើ​​ការ​ផ្គត់​ផ្គត់​ប្រភព​ថាមពល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​​ការ​ប្តេជ្ញា​ចិត្ត​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​​ជំរុញ​ដំណោះ​ស្រាយ​ថាមពល​ស្អាត​សម្រាប់​ហេតុផល​គោល​នយោបាយ​ឧស្សាហកម្ម​ផង​ដែរ​៕

ដោយ៖ហួន ឌីណា ប្រភព៖ Southeast Asia should diversify energy sources, learn from Europe’s Russian ‘mistake’: Global agency chief

ads banner