សាលក្រមបានសម្រេច តម្រឹមទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ កំណត់ ៨ខែ រួចដោះលែងឱ្យមានសេរីភាពវិញ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តារ្តិ៍កន្ល ងទៅនេះ បានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ កំណត់ ៨ខែ ពោលគឺឧកញ៉ា ឌួង ងៀប បានអនុវត្តទោស ក្នុងពន្ធនាគារ ៨ខែ រួចមកស្រាប់ ដូច្នេះ សាលក្រមបានតម្រឹម និងសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ។

សូមរម្លឹកថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ៣ ឌួង អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ឆបោក បទក្លែងឯកសារ និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន សែកស្អុយ)។ លោកឧត្តមសេនីយ៍ឌួង ងៀប ត្រូវសមត្តកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន មុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ។ ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ (ឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ដោយជនសង្ស័យឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យល់ឃើញថា តាមដីកាបង្គាប់ឱ្យនាំខ្លួន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៌ មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន។ ដូចនេះ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គម្បីសម្រេចឱ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឱ្យចាប់ខ្លួន និងបង្គាប់ឱ្យប្រធានពន្ធនាគារ PJ ទទួលនឹងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីលោក បានបង្ហោះឃ្លីបវីដេអូមួយពាក់ព័ន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់ សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការ សំណុំរឿងរបស់លោក (ប្រែពីសទៅខ្មៅ) និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះ ត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ និងមានការចែកចាយតៗ គ្នាផងដែរ។

សូមជម្រាប់ថា យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹង បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០ ដុល្លារមេរិក ឱ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ក៏ប៉ុន្តែជនត្រូវចោទ ពុំមានដីឱ្យទៅម្ចាស់ប្រាក់នោះឡើយមានតែ(ដីខ្យល់)។ អ្នកនាំពាក្យ បន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹក ដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណី បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារ បានបញ្ជាក់ថា មូលប្បទានបត្រគ្មាននេះ គ្មានសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ)។ អ្នកនាំពាក្យ បានបន្តទៀតថា ក្នុង ដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ បានពិនិត្យ ផ្ទៀងផ្ទាត់ភស្ដុតាង និងសួរចម្លើយជនត្រូវចោទ ឈ្មោះ ឌួង ងៀប ហើយបានសម្រេច មិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញ នូវការដាក់ជនត្រូវចោទ ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣«ម» ដ.ព.ស ចុះថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ច តម្រូវឱ្យជនត្រូវចោទ ដាក់ប្រាក់ធានា មិនឃុំខ្លួន ចំនួន ៥.៣០៥. ០០០ ដុល្លារអាមេរិក មកតម្កល់ក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទ ពុំបានយក ប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ ក្នុងដីកាសម្រេចនោះឡើយ។

សូមបញ្ជាក់ថា ក្រោយពីឃុំខ្លួនឧកញ៉ា ឌួង ងៀប សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការច្រើនលើក និងចេះតែពន្យាពេល ដោយមូលហេតុ សុខភាព និងខ្វះមេធាវីការពារក្តីឱ្យជនត្រូវចោទ លុះពេលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ក្តីកំបាំងមុខលើសំណុំរឿងនេះ ដោយផ្តន្ទាទោសលើជនជាប់ចោទ ឌួង ងៀប ដាក់ពន្ធនាគារ កំណត់៨ខែ ទោសមានសល់ ត្រូវព្យួរទាំងអស់ និងសម្រេចដោះលែងជនជាប់ចោទ ឱ្យមានសេរីភាពវិញ ពោលគឺ ឧកញ៉ា ឌួង ងៀប ជាប់ពន្ធនាគារ៨ ខែគត់ តែប៉ុណ្ណោះ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner