អតិផរណាអូស្ត្រាលីឡើងដល់កម្រិតខ្ពស់ពុំធ្លាប់មានក្នុងរយៈពេល ៣២ឆ្នាំ

ស៊ីតនី៖ អតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង៣០ ឆ្នាំ ពោលគឺចំពេលមានការកើនឡើងតម្លៃផ្ទះ និងឧស្ម័ន។

ការិយាល័យស្ថិតិអូស្ត្រាលី នាថ្ងៃពុធ ទី២៦ តុលា ២០២២ បានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ១.៨ ភាគរយ ក្នុងរយៈពេលបីខែ គិតដល់ថ្ងៃទី ៣០ ខែកញ្ញា និង ៧.៣ ភាគរយ ក្នុងរយៈពេល ១២ ខែចុងក្រោយ ហើយវាជាតួលេខប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០ ។

យោងតាមទិន្នន័យ ការចំណាយលើការទិញ ឬសាងសង់ផ្ទះថ្មីបានកើនឡើង ៣.៧ ភាគរយ នៅក្នុងត្រីមាសចុងក្រោយ គិតត្រឹមខែកញ្ញា និង កើនឡើង ២០.៧ ភាគរយ ក្នុងមួយឆ្នាំ។ តម្លៃឧស្ម័នបានកើនឡើង ១០.៩ ភាគរយនៅក្នុងត្រីមាសនេះ គ្រឿងសង្ហារឹម ៦.៦ ភាគរយ និងតម្លៃម្ហូបអាហារ ៣.២ ភាគរយ។

ការកើនឡើងទាំងនោះ បានថយចុះបន្តិចបន្តួចវិញ ដោយការធ្លាក់ចុះ ៤.៣ ភាគរយ នៃតម្លៃប្រេងឥន្ធនៈ។ទិន្នន័យនេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមានបានប្រគល់ថវិកាសហព័ន្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២២-២៣ ។ ថវិកាបានព្យាករថា អតិផរណានឹងឈានដល់កម្រិតកំពូល ៧.៧៥ ភាគរយ នៅចុងឆ្នាំនេះ មុនពេលធ្លាក់ចុះដល់ ៣.៥ ភាគរយរហូតដល់ឆ្នាំ ២០២៣-២៤។

រដ្ឋមន្ត្រីរតនាគារ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីថ្ងៃពុធ បានប្រឈមមុខនឹងការរិះគន់ជុំវិញ វិបត្តិដែលកំពុងកើនឡើង។ យោងតាមថវិកានេះ តម្លៃអគ្គិសនីរបស់អូស្ត្រាលីត្រូវបានកំណត់ថា នឹងកើនឡើង៥៦ ភាគរយក្នុងរយៈពេល ១៨ ខែខាងមុខ និងតម្លៃឧស្ម័ន ៤៤ភាគរយ៕ ប្រភពពីស៊ីនហួរ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner