រដ្ឋមន្រ្តីមួយចំនួនរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss នៅកាន់តំណែងដដែល
ឡុងដ៍៖ នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានសម្រេចទុក រដ្ឋមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss ឱ្យនៅកាន់តំណែងដូចដើមដដែល ។
លោក Rishi Sunak បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ, រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ ត្រូវបានរក្សាឱ្យនៅកាន់តួនាទីរបស់ខ្លួនដដែល ដោយពុំមានការផ្លាស់ប្តូរអ្វីឡើយ ទោះបីជាលោក ឃ្លីវើលី និងលោក វ៉លលេស បានបង្ហាញការគាំទ្រចំពោះការវិលត្រឡប់មកវិញ របស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក៏ដោយ។
ចំណែកលោកស្រី ស៊ូអេឡា ប្រេវើមែន (Suella Braverman) ដែលទើបលាលែងពីតំណេង កាលពីសប្តាហ៍មុន កំលុងរដ្ឋាភិបាលរបស់លោកស្រី ត្រាស់ នោះ គឺត្រូវបានលោក ស៊ូណាក់ តែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃសាឡើងវិញ។ រីឯលោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ដែលជាគូប្រកួតចុងក្រោយគេរបស់លោក ស៊ូណាក់ ក្នុងការប្រជែងយកតំណែងប្រធានបក្សអភិរក្សនិយម ក៏នៅរក្សាតំណែងដដែលជា រដ្ឋមន្រ្តីទទួលបន្ទុកចាត់ចែងកិច្ចការរដ្ឋាភិបាល ប្រចាំនៅរដ្ឋសភាអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា លោក រីស្ស៉ី ស៊ូណាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការ ដោយព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាល កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកបានជាប់ជាប្រធានថ្មី នៃគណបក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច កាលពីថ្ងៃចន្ទ៕ ប្រភពពី AFP , ដោយ៖ សារ៉ាត