ក្រុមមន្រ្តីឧទ្យានុរក្សថតបានរូបភាពខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ
ភ្នំពេញ ៖ រូបភាពចំនួន ២សន្លឹកដែលថតបានដោយក្រុមមន្រ្តី ឧទ្យានុរក្សបង្ហាញពីប្រភេទសត្វ មំសាសី ឬសត្វខ្លាត្រីមួយក្បាលដែលវាកំពុងតោងនិងរស់នៅលើដើមឈើ។
អង្គការជីវិតសត្វព្រៃកម្ពុជាបានឱ្យដឹងថាៈរូបភាពនេះត្រូវគេថតបានក្នុងអំឡុងខែតុលា ឆ្នាំ២០២២នេះក្នុងពេលក្រុមមន្រ្តីឧទ្យានុរក្សចុះល្បាតប្រចាំខែរួចមក។ទោះបីយ៉ាងណាដោយសាររូបភាពដែលទទួលបានពិបាកក្នុងការធ្វើអត្តសញ្ញាណ ទើបអង្គការជីវិតធម្មជាតិនៅកម្ពុជាបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកខ្លាត្រីទាំងនៅក្នុងស្រុក (គម្រោងខ្លាត្រីកម្ពុជា) និងក្រៅប្រទេស ។
ជាលទ្ធផលអ្នកជំនាញបានកំណត់ថា វាពិតជាខ្លាត្រីពិតប្រាកដមែន។ សូមបញ្ជាក់ថា នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ ខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ។ ការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុលជាដើម គឺជាកត្តាគំរាមកំហែងដល់ប្រភេទមំសាសីមួយនេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បើតាមកំណត់ត្រាពីវត្តមានសត្វខ្លាត្រីនៅតំបន់បឹងទន្លេឆ្មារនៃបឹងទន្លេសាបនេះ គឺជាព័ត៌មានដ៏គួរអោយរីករាយ ពោលវាបញ្ជាក់ថា តំបន់រ៉ាមសារនេះមិនត្រឹមតែដើរតួសំខាន់ក្នុងការផ្តល់ទីជម្រកត្រីពងកូន និងសត្វស្លាបទឹកប៉ុណ្ណោះទេ វាក៏ជាទីតាំងដ៏សំខាន់ ដែលគាំទ្រប្រភេទថនិកសត្វផងដែរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមគំាទ្រដល់ក្រសួងបរិស្ថានដែលកំពុងរៀបចំបែងចែកតំបន់ និងផែនការគ្រប់គ្រងនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សអោយកាន់តែមានប្រសិទ្ធភាព។ កំណត់ត្រាអំពីវត្តមានខ្លាត្រីនេះនឹងគាំទ្រដល់ការវិនិច្ឆ័យក្នុងការបែងចែកតំបន់គ្រប់គ្រងអោយកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថាចាប់តំាងពីឆ្នាំ២០២១ មក អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុប – ទន្លេសាបយើង Our Tonle Sap បានជួយបង្កើនសមត្ថភាពនិងគំាទ្រការល្បាតប្រចាំខែរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារក្នុងគោលបំណងពង្រឹងការគ្រប់គ្រងតំបន់ការពារ និងបង្រ្កាបបទល្មើសឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យប្រសើឡើងនូវព័តមានជីវចម្រុះជាមូលដ្ឋាន ៕ ដោយ៖ម៉ាដេប៉ូ