សហព័ន្ធកីឡាកាយសម្ធ័នកម្ពុជា ជំរុញការអភិវឌ្ឍសមត្ថភាពបន្ថែម ទាំងអត្តពលិក និងមន្រ្តីបច្ចេកទេស ឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ជោគជ័យ២ព្រឹត្តការណ៍កន្លងទៅថ្មីៗនេះ គឺឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅវៀតណាម និងការឈ្នះមេដាយប្រាក់ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ គឺជាសមិទ្ធផលល្អ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងបទសម្ភាសន៍មួយនៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
លោក ណយ ផាណា បញ្ជាក់ថា ដោយមានការខិតខំរួមគ្នា ជាពិសេសកម្ពុជា បានយកវិបត្តិក្លាយជាឱកាស ដោយការចាក់វ៉ាក់សាំងដល់ដូសទី៤ និងទី៥ អស់ហើយ និងដោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង នេះជាចំណុចទី១សំខាន់។ ទី២ កីឡាករ កីឡាការិនី គ្រូបង្វឹកស្ម័គ្រចិត្តរួមគ្នានៅកន្លែងតែមួយ ដើម្បីធ្វើការហ្វឹកហាត់ ចំណុចនេះហើយ ត្រូវបានអ្នកបច្ចេកទេសអន្តរជាតិវាយតម្លៃថា សមិទ្ធផលនេះ ស័ក្តិសមនឹងទទួល។ លោកអគ្គលេខាធិការ បន្តថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ ដែលតែងតែផ្តល់អនុសាសន៍ អោយសហព័ន្ធមួយនេះ ដំណើរការបានល្អ ហើយឈានទៅរកមេដាយតាមសន្ទស្សន៍ដាក់ចេញរបស់ Camsoc គឺមេដាយមាស ០១គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ លោក ណយ ផាណា បន្ថែមថា ផ្អែកលើផែនការជាក់លាក់ យើងបានទទួលលទ្ធផលល្អឈ្នះមេដាយ៤គ្រឿង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងឈ្នះមេដាយប្រាក់ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះ ក្រៅពីផ្តោតលើសិទ្ធផលកីឡាករ កីឡាការិនី សហព័ន្ធក៏ជំរុញអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី៣ និងត្រៀមសម្រួចគោលដៅ ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូង ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មានរយៈពេល៧ថ្ងៃពីថ្ងៃទី២២ ដល់ថ្ងៃទិ២៧ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីចំនួន ៦៤នាក់ ចូលរួម មកពីខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ប្រកួតលើ ១៣វិញ្ញាសា ៕