គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បញ្ជាក់ថា ការប្រកួតកម្រិតអន្តរជាតិច្រើន គឺជាម៉ែត្រវាស់វែងដ៏ល្អ ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា
ភ្នំពេញ៖សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានត្រៀមបញ្ជូនកីឡាការិនីបាល់បោះជិះរទេះ ទៅចូលរួមប្រកួតលក្ខណអន្តរជាតិ 3rd Edition of ICRC International Wheelchair Basketball Tournament នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។
លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការ បានអោយដឹងថា ការចូលរួមប្រកួតខាងលើ តបតាមកាអញ្ជើញរបស់ប្រទេសឥណ្ឌា ដោយមាន៨ប្រទេសចូលរួម ដូចជា ប្រទេស នេប៉ាល់ បង់ក្លាដេស កម្ពុជា លីប៊ីយ៉ា អាហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌាជាម្ចាស់ផ្ទះ។ លោកគ្រូបង្វឹករូបនេះ បន្តថា ការប្រកួតកម្រិតអន្តរជាតិច្រើន មានសារៈសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងជាម៉ែត្រវាស់វែងមួយ ក្នុងការដុសខាត់សមត្ថភាព បង្កើនសិទ្ធផលអោយបានល្អប្រសើរ។ លោក បន្ថែមថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការ និងត្រៀមចូលរួមការប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធចូលរួមការប្រកួតអេស៊ានហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខនេះ។
គួររម្លឹកថា កីឡាបាល់បោះជិះរទេះជនពិការ ផ្នែកនារី គឺជាកីឡាសក្តានុពលរបស់កម្ពុជា ធ្លាប់ឈ្នះមេដាយមាស១ ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក្នុងចំណោម១១ប្រភេទកីឡា ចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា។ ជាលទ្ធផល អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៨គ្រឿង មេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់អោយប្រកួតប្រជែង រួមមាន អត្តពលកម្ម, ប៊ូស្យ៉ា, វាយសី, អុក, បាល់ទាត់ (៥ម្ខាង), បាល់ទាត់ (៧ម្ខាង), បាល់ទះ, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ៕