អ្នកនិពន្ធម្ចាស់ជ័យលាភីមហោស្រពអក្សរសិល្ប៍ឆ្នាំនេះ ជំរុញឱ្យអ្នកនិពន្ធស្រាវជ្រាវឱ្យបានច្រើនជៀសវាងចម្លងគេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនិពន្ធម្ចាស់ជ័យលាភីមហោស្រពអក្សរសិល្ប៍ឆ្នាំនេះ ជំរុញឱ្យអ្នកនិពន្ធស្រាវជ្រាវឱ្យបានច្រើនជៀសវាងចម្លងគេ។ នេះជាការលើកឡើងរបស់ អ្នកនិពន្ធវណ្ណ សារ៉េត ដែលមាន នាម ប៉ាក កាក្នុង វិស័យតែងនិពន្ធថា “ចៅស្មេរប្រលោម” ។

ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ កវី និពន្ធដែលមានដើមកំណើតលើទឹកដៃព្រៃវែង វណ្ណ សារ៉េត បាន ទទួល ពានរង្វាន់ ជាបន្ត បន្ទាប់ ពីក្រសួងអប់រំយុវជននិងកីឡា ពី ក្រសួង វប្បធម៌និង វិចិត្រសិល្បៈ ពីវិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យចុងក្រោយបានទទួលរង្វាន់ពី មហោ ស្រព អក្សរ សិល្ប៍ ខ្មែរ តាមរយៈ ទេពកោសល្យ តាក់ តែង និពន្ធកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ។

កវី វណ្ណ សារ៉េតមានប្រសាសន៍ថា ៖«អ្នកនិពន្ធជំនាន់ក្រោយ គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្រើន អំពីចំណេះដឹងផ្នែកតែងនិពន្ធនិងខិតខំអនុវត្តការនិពន្ធឱ្យក្លាយជាទម្លាប់ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់ពេលវេលា ដោយត្រូវក្រើនរំឭកខ្លួនឯងថា ខ្លួនត្រូវបង្កើតស្នាដៃថ្មីៗ ប្លែកៗ ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង ចៀសវាងការចម្លងស្នាដៃ ឬដើរតាមអត្តសញ្ញាណរបស់អ្នកដទៃ»។
លោកវណ្ណ សារ៉េត មានបទពិសោធន៍ច្រើនក្នុងវិស័យអប់រំ ដោយលោកបំពេញការងារជាគ្រូបង្រៀន ៖«ខ្ញុំគ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្រ្តខ្មែរ តែសព្វថ្ងៃបង្រៀននៅអនុវិទ្យាល័យទេ។ ដោយឡែកសៅរ៍ អាទិត្យ បង្រៀននិស្សិតកម្រិតបរិញបត្រនៅគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងខេត្តព្រៃវែង»។
លោកបានបង្ហាញបន្ថែមអំពីស្នាដៃលោកបានរួមចំណែកក្នុងសង្គមអក្សរសាស្ត្រជាតិថា ក្រៅពីកំណាព្យ លោកបានសរសេររឿងខ្លី ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ទំនុកច្រៀង និងស្នាដៃផ្នែកសិក្សារៀបរៀងមួយចំនួនផងដែរ។ ស្នាដៃ ទាំងនោះ រួមមានដូចជា៖ ស្នាដៃផ្នែករឿងខ្លី មាន៖ រឿង “ក្មេងគង្វាល” រឿង “ចម្រៀងថ្នមស្នេហ៍” រឿង “បែកស្នេហ៍ឯសៀមរាប” រឿង “រួចពីចំណង” រឿង “ចាំកូនមានសិន” ។

ស្នាដៃផ្នែកសិក្សារៀបរៀង មាន “សិក្សាវិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ” “ប្រជុំតែងសេចក្ដីពន្យល់សុភាសិត” និង “សិក្សាប្រៀបធៀបស្នាដៃសាស្ត្រាល្បែងនិងប្រលោម លោក ទំនើប”។

ថ្វីដ្បិតស្នា ដៃ ដែ ល និពន្ធ កន្លង មក លោកមិនទាន់ដែល បាន បោះពុម្ពក្ដី លោកបានក៏មានគម្រោងបោះពុម្ពស្នាដៃដើម្បីចូលរួមលើកស្ទួយចំណេះដឹងក្នុងសង្គម និងចូលរួមលើកកម្ពស់ការអាននិងសរសេរ។
លោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះការសរសេរនេះថា៖«ខ្ញុំចូលចិត្តទាំងបែបឧបទេសនិងបែបទំនើបដែលបង្កប់ដោយទស្សនៈវិជ្ជាទុកឱ្យអ្នកអានមានវិសាលភាពពិចារណានិងប្រលោមកំណាព្យផងដែរ»។
ចំណែកការសរសេរដើម្បីប្រឡងប្រជែងដណ្ដើមជ័យលាភី កវីរូបនេះបញ្ជាក់ថា ៖«ចំពោះការប្រឡងពានរង្វាន់នេះខ្ញុំពុំលោភលន់ពេកទេ គឺ១ឆ្នាំខ្ញុំដាក់ស្នាដៃតែ១ស្ថាប័នពានង្វាន់ប៉ុណ្ណោះ គឺដាក់ដោយសម្រិតសម្រាំង ហើយចេះតែមានភ័ព្វមានជាប់ជ័យលាភីដែលខ្ញុំមិននឹកស្មានដល់»។
កវី “ចៅស្មេរប្រលោម” បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសអក្សរសាស្ត្រខ្មែរ ដោយបានបញ្ចេញស្នាដៃតាមរយៈអត្ថបទសំណេរបរិយាយរឿងរ៉ាវនានាលាតត្រដាងពីតថភាពសង្គម ជាកំណាព្យ ក្នុងនាមជាអ្នកនិពន្ធនិងជាអ្នកបណ្ដុះចំណេះដឹងសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី។
លោកក៏ធ្លាប់បានចូលរួមរៀនក្នុងវគ្គបណ្ដុះបណ្ដាលរបស់សមាគមអ្នកនិពន្ធខ្មែរផងជាសិក្ខាកាមជំនាន់២៦នៃសមគមអ្នកនិពន្ធខ្មែរនិងបច្ចុប្បន្នជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរផង។
បច្ចុប្បន្ន “ចៅស្មេរប្រលោម” មានវ័យ ៣៩ ឆ្នាំ លោកជាអ្នកនិពន្ធ និងជាគ្រូបង្រៀនកម្រិតឧត្តមផ្នែកអក្សរសាស្ត្រខ្មែរ ត្រូវគេទទួលស្គាល់ថា ជាអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាពក្នុងវិស័យតែងនិពន្ធនៅកម្ពុជា។ លោកទទួលបានជ័យលាភីជាច្រើនមានដូចជា ជាប់ជ័យលាភីថ្នាក់កិត្តិយស ផ្នែកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩នៃមហោស្រពសិល្បៈយុវជនទូទាំងប្រទេសដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កំណាព្យ«គ្រូគ្រឹះអប់រំ សង្គមឌីជីថល» ជ័យលាភីចំណាត់ថ្នាក់លេខ១ ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធកំណាព្យ អបអរទិវាគ្រូបង្រៀន៥ តុលា ឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា។ កំណាព្យ «ប៉ាគេ ឪខ្ញុំ» ជ័យលាភីចំណាត់ថ្នាក់លេខ២ ពានអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ ឆ្នាំ២១៩។ កំណាព្យ « សុរា» ជ័យលាភីចំណាត់ថ្នាក់លេខ១ ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសានបណ្ឌិត្យ លើកទី៣ ឆ្នាំ២០២០ ។ កំណាព្យរឿង«និស្ស័យស្នេហ៍កុលាបស»ជយលាភីចំណាត់ថ្នាក់លេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កំណាព្យ« សំឡេងទ្រ កំដរប្រាសាទ» ជ័យលាភីចំណាត់ថ្នាក់លេខ១ ពានអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ២០២២ ដែលរៀបចំកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើទឹកដីខែត្រពោធិ៍សាត់ នាថ្ងៃទី២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ៕
ដោយ:ហួន ស៊ីឡូន

ads banner