អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការបុគ្គល សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចលើកលែងតទៅទៀតបានឡើយ។ នេះយើងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ មានដូចជា លោក ជីវ កត្តា លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក ខៃ រដ្ឋា។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងខ្ញុំជាអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “… អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”។

សេចក្តីថ្លែងការណ៍បានបន្តថា “ក្នុងនាមយើងខ្ញុំ ជាអតីតអ្នកតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាសហការីបុគ្គល សម រង្ស៊ី ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ជាមួយគ្នានេះ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ អំពាវនាវដល់បងប្អូនដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដែលកំពុងត្រូវបានតុលាការចោលប្រកាន់ដោយសារការគាំទ្រទង្វើខុសច្បាប់របស់បុគ្គល សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងទាល់ច្រក អស់ផ្លូវ និងសូមអំពាវនាវដល់ថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់ សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុក សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា ដើម្បីចូលរួមធានាការពាររាជានិយម រាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឯកភាព សន្តិភាពនៃទឹកដីដ៏បរវរបស់យើង៕
ដោយ៖ពលជ័យ

ads banner