សម្តេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនហ្សេលេស្គីតាមទូរស័ព្ទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងមានជំនួបតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីមៀ ហ្សេលេនស្គី បើសិនជាស្ថានការណ៍អំណោយផលតាមការទូតដែលកំពុងសម្របសម្រួល។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី២៧ខែតុលា។

សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា បើសិនជាគ្មានការប្រែប្រួលជុំវិញការសម្របសម្រួលពេលវេលាតាមផ្លូវការទូតនោះទេ លោកនឹងមានជំនូបជាមួយលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែននៅរវាងប៉ុន្មានថ្ងៃទៀតជាក់ជាពុំខាន។

សម្តេចតេជោ ហ៊ុន សែន សរសេរដូច្នេះថា៖ «ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនឹងការចូលរួមប្រជុំG20និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»។

ជុំវិញគម្រោងជំនួបតាមទូរស័ព្ទរវាងប្រធានអាស៊ានឆ្នាំ២០២២ និងមេដឹកនាំអ៊ុយក្រែនដែលកំពុងជាប់ដៃធ្វើសង្គ្រាមតទល់នឹងរុស្ស៊ីយ៉ាងមមាញឹកជាងមួយឆ្នាំមកនេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ជាការបង្ហាញជំហររបស់កម្ពុជា និយាយដោយឡែកនិងជំហររបស់អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់និយាយជារួម ដែលឈរនៅខាងជនរងគ្រោះ ពោលគឺនៅខាងភាគីអ៊ុយក្រែន។

ស្រដៀងគ្នានេះដែរ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវយល់ថា ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុនសែននិងលោក ហ្សេលេនស្គី  គឺភាគីកម្ពុជានឹងប្រើឋានៈជាប្រធានអាស៊ាន ដើម្បីជជែកពីវិបត្តិដែលកំពុងកើតមាននៅអ៊ុយក្រែន ព្រមទាំងការស្វែងរកដំណោះស្រាយនានាដែលអាស៊ានអាចមានលទ្ធភាពជួយអ៊ុយក្រែនបាន។

លោកវណ្ណ ប៊ុនណា ៖« លោកប្រធានាធិបតីហ្សេលេនស្គីអាចនឹងថ្លែងអំណរដល់ភាគីកម្ពុជាដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គសន្និបាតអង្គការសហប្រជាជាតិក្នុងការការទោសនូវការកាត់ទឹកដីអ៊ុយក្រែនទៅដល់រុស្ស៊ី និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។ លោកហ្សេលេនស្គីអាចនឹងស្នើសុំជំនួយផ្នែកកិច្ចគាំទ្រពីអាស៊ានចំពោះអ៊ុយក្រែនលើឆាកអន្តរជាតិជាដើម »។

ចំពោះលោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិវិញយល់ថា កិច្ចជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ទំនងជាអញ្ជើញភាគីអ៊ុយក្រែនឱ្យមានវត្តមាននៅកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខរបស់កម្ពុជា ដែលកម្ពុជាបានសម្លឹងឃើញគំរូភាពពីប្រទេសឥណ្ឌូនេស៊ីតាមរយៈកិច្ចប្រជុំ G-20 ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសបស្ចិមលោក។

លោកសេង វណ្ណលី៖ «ដោយមើលពីគំរូភាពរបស់ឥណ្ឌូនេស៊ី កម្ពុជាធ្វើយ៉ាងណាឱ្យមានវត្តមានភាគីអ៊ុយក្រែននៅក្នុងជំនួបប្រជុំ មិនថាតាមរយៈប្រព័ន្ធវីដេអូ ខុនហ្វឺរ៉េន(conference )ឬអាចជាសាររបស់មេដឹកនាំអ៊ុយក្រែន ឬតាមរយៈការបញ្ជូនសមាសភាពតំណាងណាមួយរបស់អ៊ុយក្រែន ដែលជាចំណុចវិជ្ជមានសម្រាប់កម្ពុជា »។

បន្ថែមពីនេះ សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ គូសបញ្ជាក់ថា នេះក៏ជាយុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្ត្រីដើម្បីយកចិត្តក្រុមប្រទេសនៃកិច្ចប្រជុំអាស៊ីខាងកើត(EAS)ដែលមានសមាជិកចំនួន ១៨ប្រទេសនោះផង ព្រោះក្នុងករណីកិច្ចប្រជុំ G-20 ក្រុមប្រទេស ​EAS ធ្លាប់បានព្រមានឥណ្ឌូនេស៊ីថា ពួកគេនឹងអវត្តមានបើគ្មានសមាសភាគីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner