កាកបាទក្រហមកម្ពុជា ទទួលថវិកា ៣,០០០ដុល្លារ ពីគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី សម្រាប់គាំទ្រការងារមនុស្សធម៌
ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលថវិកា ៣,០០០ដុល្លារអាមេរិក ពី លោក Tatsuhiro Kurihara អគ្គនាយក គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ។
លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោក Tatsuhiro Kurihara និងថ្លែងអំណរគុណបានឧបត្ថម្ភគាំទ្រការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកជំទាវអគ្គលេខាធិការបានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានផ្តោតទៅលើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិភាគឥសាន្ត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រតនគីរី ស្ទឹងត្រែង និងក្រចេះ ហើយសាខាទាំងនោះមានធន់ធានតិចតួច ដែលត្រូវការការគាំទ្រពីទីស្នាក់ការកណ្តាល។
ជាកិច្ចឆ្លើយតប លោក Tatsuhiro Kurihara បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលបានអនុញ្ញាតឲ្យរូបលោកបានសម្តែងការគួរសម និងបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ លោកបានបន្តទៀតថា “ខ្ញុំពិតជាជឿជាក់នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយសម្រាប់ការងារមនុស្សធម៌របស់គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី មានច្រើន ក្នុងក៏ត្រូវមានមួយចំណែកសម្រាប់កាកបាទក្រហមកម្ពុជាផងដែរ ហើយយើងនឹងបន្តឧត្ថម្ភគាំទ្រការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ទៀត”៕ ដោយ / គ្រី សម្បត្តិ

