តុលាការ​កំពូល​សម្រេច​ប្រគល់​លិខិត​ឆ្លង​ដែន​ជូន​ដល់​លោក យាង សុធារិន្ទ ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរីវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តុលាការ​កំពូល​កម្ពុជានៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា​នេះ បាន​សម្រេច​ប្រគល់​លិខិត​ឆ្លង​ដែន​ជូន​ទៅលោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរីវិញ។ ការ​សម្រេច​នេះ នឹង​បើក​ផ្លូវ​ឱ្យ​លោក យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា អាច​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទឹក​ដី​កម្ពុជា ទៅ​កាន់​ដែនដី​ខ្មែរកម្ពុជា​ក្រោម ដើម្បី​សួរ​សុខទុក្ខ​បង​ស្រី​របស់​លោក ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ឪពុក​ម្ដាយ​របស់​លោក​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ទៅ​ហើយ​។

​គួរ​រំឭក​បន្តិច​ថា ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​អន្ត​រាយ​ការពារ​ជាតិ» កាល​អំឡុង​ឆ្នាំ​ ២០១៧។ ចាប់​តាំង​ពី​ពេលនោះ​មក លោក ​យាង​ សុធា​រិន្ទ ឬ​ហៅ​ យាង ​សុជា​មេត្តា ​វ័យ៣៤ឆ្នាំ ​ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​កិង ឃុំ​ឬស្សី​ស្រុក​ ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះ​ត្រពាំង ​កម្ពុជា​ក្រោម ត្រូវ​តុលាការ​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​។

នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃពុធ ទី​២៦ ខែ​តុលា លោក យាង សុធារិន្ទ បាន​ស្នើ​សុំចៅ​ក្រម​សម្រេច​ផ្តល់​លិខិត​ឆ្លង​ដែនដល់​រូប​លោក។ លោក យាង សុធារិន្ទ ចង់​បានទិដ្ឋាការ​ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅសួរ​សុខទុក្ខ​ក្រុម​គ្រួសារ​នៅ​ឯ​​ស្រុកកម្ពុជា​ក្រោម ដែល​ជា​ស្រុក​​កំណើតរបស់​លោក និង​ខណៈ​ពេល​ដែល​បង​ស្រី​បង្កើត​របស់​លោក​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​។

នៅ​ក្នុង​អង្គសវនាការ​ដដែល អតីត​អ្នក​កាសែតវិទ្យុ​អាស៊ី​សេរី​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា លោកនឹង​មិន​រត់​ចេញ​ពី​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក​នោះ​ទេ។ ដើម្បី​ឱ្យ​តុលា​ការ​ទុក​ចិត្ត លោក​ក៏​បាន​ស្នើចៅ​ក្រម​ដាក់​លក្ខ​ខណ្ឌ​កំណត់​លើ​លិខិត​ឆ្លង​ដែន​របស់​លោក ដោយ​ហាម​ប្រាម​មិន​ឱ្យ​រូប​លោក​ចាក​ចេញ​ពី​កម្ពុជា​ក្រោម​ទៅ​ក្រៅ​ប្រទេស។ លោក យាង សុធា​រិន្ទ ​ប្រាប់​ចៅ​ក្រម​បន្ថែម​ថា ​លោក​មិន​បាន​ចាក​ចេញ​ទៅ​ទឹក​ដី​កំណើត​ជាង​ ៥ ​ឆ្នាំ​មក​ហើយ។

នៅក្នុងបន្ទប់​សវនាការនា​ព្រឹកថ្ងៃសុក្រ ទី​២៨ ខែ​តុលា​នេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម បានសម្រេច​ប្រគល់លិខិត​ឆ្លងដែនឱ្យ​ទៅ​ឱ្យលោក យាង សុធារិន្ទ កាន់កាប់វិញ ដោយ​សំអាងថា ជនជាប់ចោទរូបនេះ​តែងចូលរួមសហការ​ជាមួយតុលាការនៅគ្រប់នីតិវិធី និងបងស្រី​ឈឺធ្ងន់នៅ​​ស្រុកកំណើត [ទឹកដី​កម្ពុជា​ក្រោម] ហើយសន្យាថា នឹង​បង្ហាញខ្លួន​​នៅចំពោះមុខ​​តុលាការ​គ្រប់ពេលកោះហៅ។ ប៉ុន្តែ លោក គង់ ស្រ៊ីម ព្រមាន​ផង​ដែរ​ ក្នុងករណីដែល​ជនជាប់ចោទ គេចវេស​មិនចូល​ខ្លួន​ធ្វើតាមការសន្យានៅពេលតុលាការ​កោះហៅ នោះ​ជនជាប់​ចោទអាច​ប្រឈមនឹងការចាប់ខ្លួនដាក់​ពន្ធ​នាគារ​ជាថ្មីទៀត។

សម្រាប់​លោក​ស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ការ​សម្រេច​របស់​តុលាការកំពូល ប្រគល់លិខិតឆ្លងដែនជូនទៅអតីតអ្នកសារព័ត៌មានអាស៊ីសេរី​ គឺលោក​ យាង​ សុធារិន្ទ​ វិញនេះ នឹងអាចបើក​ផ្លូវ​ឱ្យលោកអាចធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខបងស្រីដែលមានជំងឺធ្ងន់ធ្ងរ​ និងម្តាយឪពុកចាស់ជរារបស់លោក។ លោក​ស្រី ចក់ សុភាព​សង្ឃឹមថា​ តុលាការ នា​ពេល​ខាង​មុខ នឹង​ទម្លាក់បទចោទប្រកាន់ដែលបានអូសបន្លាយជាយូរជាង៥ឆ្នាំលើរូបលោក យាង សុធារិន្ទ និងសហការី គឺលោក​ អ៊ួន​ ឈិន​ ផងដែរ។

សូមជម្រាប​ថា លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន អតីត​អ្នករាយការណ៍ព័ត៌មាន​​វិទ្យុ​​អា​ស៊ី​សេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះសំណាក់ ម៉ារឌី ក្នុងខណ្ឌ​​មាន​​ជ័​យ​ រាជធានីភ្នំពេញ និងបានដកហូត​លិខិតឆ្លងដែន​របស់អ្នកទាំង២។ អ្នកទាំង​២ ​រង​ការ​ចោទ​ប្រកាន់ពី​បទ​​ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌​​​មានជា​អា​ទិ៍ ដែលអាចឱ្យអន្តរាយការការពារជាតិ»។ គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនមកដល់ពេលនេះ សំ​​ណុំរឿង​ព្រហ្ម​ទណ្ឌរបស់​អតីត​អ្នក​កាសែត​នៃ​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​បានអូសបន្លាយអស់​រយៈ​ពេល​ជិត៥ឆ្នាំមក​ហើយហើយ៕

ដោយ៖កែវ កិរិយា

ads banner