ទំនាក់ទំនងបារាំង-អង់គ្លេសអាចនឹងកាន់តែល្អប្រសើរ ក្រោយលោក រីស៊ី ស៊ូណាក់ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស

បារំាង៖ទំនាក់ទំនងអង់គ្លេស-បារាំង បានជួបភាពតានតឹងចាប់តាំងពីអង់គ្លេស សម្រេចចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដោយសារបញ្ហាសិទ្ធិនេសាទ ព្រមទាំងបញ្ហាកិច្ចព្រមព្រៀងលើនាវាមុជទឹកជាដើម។ តើនាយករដ្ឋមន្ត្រីអង់គ្លេស ថ្មី លោក រីស៊ី ស៊ូណាក់ អាចនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ដូចជាសម្ព័ន្ធមិត្តនៅក្នុងសហគមន៍អឺរ៉ុបជាពិសេសជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែរឬទេ? ខាងក្រោមនេះ យើងនឹងសង្កេតមើលអំពីភាពដូចគ្នា និងខុសគ្នារវាងមេដឹកនាំទាំងពីររូប។

ទំនាក់ទំនងរវាងបារាំង និងអង់គ្លេសមានភាពតានតឹង បូករួមទាំងភាពចម្រូងចម្រាសរវាងលោក ម៉ាក្រុង និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន។ ជាក់ស្ដែង កាលពីវិច្ឆិកា លោក ម៉ាក្រុង បានហៅលោក ចនសុន ថាជា «មនុស្សត្លុក»។

កាលពីខែសីហា លោកស្រី លីហ្ស ត្រាស្ស កាលនៅជារដ្ឋមន្ត្រីការបរទេស និងបន្ទាប់មកជានាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏ខ្លី ហាក់ដូចជាមិនខុសគ្នាប៉ុន្មានពីលោក ចនសុន នោះទេ។ នៅពេលសួរថាតើបារាំងជាមិត្ត ឬជាសត្រូវ លោកស្រី ត្រាស្ស បានឆ្លើយដោយត្រង់ថា «គណៈកម្មការវិនិច្ឆ័យនៅមិនទាន់ចេញសេចក្ដីសម្រេចនៅឡើយទេ»។

លោកស្រីបានរងការរិះគន់ភ្លាមៗពីក្រុមប្រឆាំង និងសូម្បីតែអ្នកនៅក្នុងគណបក្សអភិរក្សនិយមរបស់លោកស្រីផ្ទាល់។ លោក Andrew Smith ជានាយកផ្នែកសិល្បៈសេរីនៃសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងដ៍ បានលើកឡើងថា៖ «វាជារឿងកំប្លែងដ៏ឆ្កួតលីលាមួយ។ ដូច្នេះ កាលពីស្ថិតនៅ​ក្រោម​រដ្ឋាភិបាល​របស់​គាត់ ខ្ញុំ​មាន​អារម្មណ៍​ថារឿង​ឆ្កួត​ៗ​នឹងអាច​ក្លាយ​ទៅ​ជា​គោល​នយោបាយរបស់គាត់»។

ដោយឡែក ការចាកចេញរបស់លោកស្រី ត្រាស្ស ហើយជំនួសដោយនាយករដ្ឋមន្ត្រីថ្មី លោក រីស៊ី ស៊ូណាក់ បានបង្ហាញពីក្តីសង្ឃឹមនៃទំនាក់ទំនងល្អឡើងវិញរវាងអង់គ្លេស និងបារាំង ដោយសារតែការយល់ឃើញស្រដៀងគ្នាមួយចំនួនរវាងលោក ស៊ូណាក់ និងសមភាគីបារាំងរបស់គាត់គឺលោក ម៉ាក្រុង។ ​តើ​មេដឹកនាំ​ទាំង​ពីរ​មាន​ចំណុច​ដូចគ្នា​អ្វីខ្លះ?

ការនិយាយភាសាដូចគ្នា

មេដឹកនាំទាំងពីរគឺជាកូនប្រុសរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដដូចគ្នា ហើយបានទទួលការអប់រំនៅសាលាល្បីៗ មុនពេលឈានជើងចូលវិស័យធនាគារដូចគ្នា។ បន្ទាប់​ពី​ផ្លាស់​ប្តូរ​ទិសដៅចូលក្នុងវិស័យ​នយោបាយ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ មុន​នឹង​ឡើង​កាន់​តំណែង​ជា​មេដឹក​នាំ​កំពូលដូចគ្នា។

ទាំងវ័យក៏ក្មេង ទ្រព្យសម្បត្តិ និងភាពជោគជ័យ លោក ម៉ាក្រុង (អាយុ ៤៤ ឆ្នាំ) និងលោកស៊ូណាក់ (អាយុ ៤២ ឆ្នាំ) ក៏មានជំនាញក្នុងការគ្រប់គ្រងម៉ាកយីហោរបស់ពួកគេផងដែរ មិនថាក្នុងឈុតសម្លៀកបំពាក់ក៏ស្រដៀងគ្នា។ នេះបើតាមការសង្កេតមើលរូបថតដែលថតដោយអ្នកថតរូបអាជីពរបស់ពួកគេ។

លោក Paul Smith សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបារាំងនៅសាកលវិទ្យាល័យ Nottingham បានមានប្រសាសន៍ថា៖ «ពួកគេទាំងពីរមើលទៅដូចគ្នា។ មានអាកប្បកិរិយាមាយាទល្អ ស្លៀកពាក់ល្អ និងធ្វើបទបង្ហាញបានល្អ។ ហើយយើងក៏អាចនិយាយបានថាពួកគេនិយាយភាសាក៏ដូចគ្នាដែរ»។ លោក Andrew Smith បានបន្ថែមថា៖ «តាមមើលទៅ វាពិតជាអំណោយផលដល់ការមានលទ្ធភាពទំនាក់ទំនងការងារជាវិជ្ជមាន»។

ភាពប្រាកដនិយម និងការអនុវត្តជាក់ស្តែង នៃគោលនយោបាយសេដ្ឋកិច្ច

ក្នុងវិស័យសេដ្ឋកិច្ចវិញ អតីតធនាគារិកទាំងពីរមានទស្សនៈយល់ឃើញដូចគ្នា គឺមានការគាំទ្រទីផ្សារសេរី និងកាត់បន្ថយការចំណាយសាធារណៈឱ្យបានច្រើន។ កាលពីនៅជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក​ ស៊ូណាក់ មានភាពរហ័សរហួនក្នុងការជជែកវែកញែករកវិធានការដ៏តានតឹងដើម្បីកាត់បន្ថយចំណាយសាធារណៈយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ដូច្នេះក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី លោក ស៊ូណាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើការកាត់​បន្ថយ​បំណុល​ជាតិបានច្រើន។

លោក Andrew Smith មានប្រសាសន៍ថា៖ «យើងទំនងជានឹងឃើញការដំឡើងពន្ធ សូម្បីតែការដំឡើងតិចតួចបំផុតក៏ដោយ រួមជាមួយនឹងការកាត់បន្ថយការចំណាយសាធារណៈ។ វិធានការទាំងនេះហើយ ដែលពេលខ្លះ លោក ម៉ាក្រុង តែងតែព្យាយាមជំរុញការអនុវត្ត»។ លោក បានបន្តថា៖ «មេដឹកនាំទាំងពីរនេះ មានភាពប្រកដនិយម និងផ្ដោតលើការអនុវត្តជាក់ស្ដែងក្នុងការប្រឈមមុខនឹងបញ្ហាជាប្រព័ន្ធ»។

លោក Paul Smith វិញបានលើកឡើងថា៖ «លោក ស៊ូណាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​អន្តរជាតិ​ថា​ជា​អ្នក​ដែលយល់​ដឹងពី​ទីផ្សារ​អន្តរជាតិ ដែលថា​សេដ្ឋកិច្ចគឺ​មាន​ទំនាក់ទំនង​គ្នាយ៉ាងស្អិតល្មួត»។ បន្ទាប់ពីមានភាពចលាចលវិស័យសេដ្ឋកិច្ចជាច្រើនសប្តាហ៍នៅអង់គ្លេសក្នុងអំឡុងពេលដឹកនាំរបស់លោកស្រី ត្រាស្ស គឺជាពេលដែលយើងអាចមើលឃើញពីសក្តានុពលរវាងបុរសទាំងពីរនាក់នេះ។

បញ្ហាប្រឈមជុំវិញសង្គ្រាមអ៊ុយក្រែន

បន្ទាប់ពីលោក ស៊ូណាក់ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី លោក ម៉ាក្រុង បានប្រញាប់ប្រញាល់បង្ហោះសារអបអរសាទរ ដោយលោកបានសន្យាថានឹងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន រួមទាំងសង្រ្គាមនៅអ៊ុយក្រែន។

ប៉ុន្តែ​ភាព​ខុស​ប្លែក​ពីគ្នា​ក៏មានខ្លះៗផងដែរ  ដូចជាការដែលលោក ម៉ាក្រុង បានប្រកាសបង្កើនការចំណាយទៅលើវិស័យយោធាជុំវិញបញ្ហានៅអ៊ុយក្រែន ហើយកំពុងស្វែងរកការបង្កើនការចំណាយលើវិស័យមួយនេះបន្ថែមទៀតនៅក្នុងបរិបទនៃសង្គ្រាម ខណៈដែលមានលោក ស៊ូណាក់ ហាក់មានគោលដៅកាត់បន្ថយថវិកាចំណាយលើវិស័យការពារជាតិទៅវិញ។ នេះបើតាមការលើកឡើងរបស់លោក Paul Smith។

ទំនាក់ទំនងការងារល្អជាមួយសហភាពអឺរ៉ុប

ចំណុចខុសគ្នាមួយទៀតនោះគឺថា លោក ម៉ាក្រុង គឺជា​អ្នក​ចង់ឱ្យ​បារាំង​ដើរ​តួនាទី​ឈានមុខ​គេ​ក្នុង​សហភាព​អឺរ៉ុប ​​ចំណែកឯ​លោក ស៊ូណាក់គឺ​ជា​អ្នក​គាំទ្រការចាកចេញរបស់ប្រទេសអង់គ្លេសពីសហគមន៍អឺរ៉ុប (Brexit)។ ប៉ុន្តែ មនោគមវិជ្ជាផ្សេងគ្នា ប្រហែលជាមិននាំឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់នោះទេ។ កិច្ចចរចា Brexit ដែលកំពុងបន្តជជែកគ្នាលើពិធីសារអៀរឡង់ខាងជើង ទំនងជាទុកឱ្យអ្នកចរចាសហភាពអឺរ៉ុប និងអ្នកចរចាអង់គ្លេស ជាជាងនាយករដ្ឋមន្ត្រី និងប្រធានាធិបតី។

ផ្ទុយទៅវិញ លោក ស៊ូណាក់ ទំនងជាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ដែលជាការប្រមូលផ្តុំនៃបណ្តាប្រទេសនៅអឺរ៉ុបចំនួន ៤៤ ប្រទេស ដែលបង្កើតឡើងដោយ លោក ម៉ាក្រុង ហើយកាលពីដើមខែតុលា លោស្រី ត្រាស្ស ក៏ធ្លាប់បានចូលរួមផងដែរ។ ​ការទទួល​យកការអញ្ជើញរបស់លោក ម៉ាក្រុង ​អាច​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​សមាជិកសហភាពអឺរ៉ុប​ និងប្រទេសមិនមែនជាសមាជិក​សហភាព​អឺរ៉ុប។ លោក Andrew Smith មានប្រសាសន៍ថា៖ «នៅក្នុងបរិបទនេះ លោក ស៊ូណាក់ ទំនងជាព្យាយាមកសាងទំនាក់ទំនងការងារប្រកបដោយការរីកចម្រើន ជាជាងការស្វែងរកការដោះស្រាយបញ្ហា Brexit»។

ការធ្វើចំណាកស្រុកជាការចរចាដ៏លំបាក

ឧបសគ្គអាចនឹងកើតមានឡើងជុំវិញបញ្ហាចំណាកស្រុកទៅកាន់អង់គ្លេស ដោយសារតែត្រូវពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gérald Darmanin និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman។ ដោយសារតែអ្នកទាំងពីរ ជាមនុស្សស្ដាំនិយមជ្រុល ហើយតែងតែធ្វើការជជែកគ្នាយ៉ាងក្តៅគគុកជុំវិញបញ្ហាការចំណាកស្រុក។ ជារួម អ្នកទាំងពីរមិនញញើតនឹងការមានជម្លោះនោះទេ។

លោក Paul Smith បានថ្លែងបញ្ជាក់ថា៖ «ជុំវិញបញ្ហានេះ គឺវាអាស្រ័យទាំងស្រុងថាតើនឹងមានការយោគយល់គ្នាដែរឬទេ ហើយក៏អាស្រ័យថាតើលោក ស៊ូណាក់​ អាចគ្រប់គ្រងលោកស្រី Braverman បានដែរឬយ៉ាងណា។ ប៉ុន្តែសម្រាប់ លោក ម៉ាក្រុង វិញ លោកបានបើកផ្លូវឱ្យលោក Darmanin​ ជាអ្នកចាត់ចែងពេញទីតែម្ដង»។

ឆន្ទៈនយោបាយឆ្ពោះទៅរកនយោបាយបែបចាស់ទុំ

លោក ម៉ាក្រុង បានខំប្រឹងយ៉ាងខ្លាំងក្នុងការយកឈ្នះលើភាពតានតឹងជាមួយ លោកស្រី ត្រាស្ស ក្នុងអំឡុងពេលកាន់តំណែងត្រឹមតែរយៈពេលខ្លីរបស់លោកស្រី ហើយហាក់បីដូចជាចង់រក្សាទំនាក់ទំនងមួយដែលថិតថេរជាមួយចក្រភពអង់គ្លេស។

លោក Paul Smith បាននិយាយ​ថា៖​ «​គាត់​ប្រហែល​ជា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដ៏​លំបាក​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះឱ្យប្រសើរឡើងវិញ​។ ​នៅ​ប្រទេស​បារាំង ហាក់​ដូច​ជា​មាន​បំណង​ចង់​ធ្វើ​នយោបាយ​បែបចាស់ទុំជាងមុន»។

តាមពិតទៅ ប្រធានាធិបតីបារាំងមានទំនាក់ទំនងអន្តរជាតិជាមួយប្រទេសផ្សេងទៀតដែលត្រូវចាត់ទុកជាអាទិភាព ដូចជាទំនាក់ទំនងជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជាដើម។ ដូច្នេះហើយ ភាពខុសគ្នាមួយទៀតកំពុងតែលេចរូបរាងឡើង ដោយសារតែ ចំពោះ​ប្រធានាធិបតី​បារាំង ការ​រក្សា​ទំនាក់ទំនង​ល្អជាមួយសហភាព​អឺរ៉ុប​ទំនងជាអាទិភាពទីមួយ។ លោក Paul Smith បានលើកឡើងថា៖ «លោក ម៉ាក្រុង នឹងក្លាយជាមនុស្សដំបូងគេដែលនិយាយថាគាត់ចង់មានទំនាក់ទំនងល្អជាមួយអង់គ្លេស ប៉ុន្តែតាមពិតទៅ វាគឺសម្រាប់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបទាំងមូល និងដើម្បីអាចរក្សាការធ្វើពាណិជ្ជកម្មរបស់បារាំងអាចបន្តទៅមុខបាន»។

លោក ស៊ូណាក់ ក៏មានអាទិភាពផ្សេងទៀតផងដែរ ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយអឺរ៉ុប និងបារាំងអាចជាគន្លឹះនៃការបង្ហាញពីសមត្ថភាពដឹកនាំរបស់គាត់។លោក Tim J. Oliver សាស្ត្រាចារ្យផ្នែកនយោបាយ និងគោលនយោបាយសាធារណៈអង់គ្លេស នៅសាកលវិទ្យាល័យ Manchester បានលើកឡើងថា៖ «ប៉ុន្មានខែថ្មីៗនេះ យើងឃើញគណបក្សអភិរក្សនិយមមានការឈ្លោះប្រកែកគ្នាផ្ទៃក្នុងជាខ្លាំង។ សូម្បីតែលោក ស៊ូណាក់ ដែលជាមេដឹកនាំបង្រួបបង្រួមក៏ដោយ ក៏នៅតែមានហានិភ័យខ្លាំងនៃការខ្វែងគំនិតគ្នានៅក្នុងជួរដ្ឋាភិបាល»។

ដូចនេះ លោក ស៊ូណាក់ ត្រូវតែបត់បែនគោលនយោបាយឱ្យបានត្រឹមត្រូវ ព្រោះទំនាក់ទំនងអន្តរជាតិដែលទទួលបានជោគជ័យមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព ប៉ុន្តែការមានចិត្តឱបក្រសោបប្រទេស​ដែលជាសមាជិកសហភាពអឺរ៉ុបអាចនឹងត្រូវបានបដិសេធ។ទំនាក់​ទំនង​ជា​មួយ​​​បារាំង​ពិតជាពោរពេញទៅដោយល្បិចកល។ សម្រាប់​អ្នក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​​អង់គ្លេស​មួយ​ចំនួន បានយល់ឃើញថាបារាំង​គឺ​ជា​និមិត្តរូប​នៃ​ប្រទេស​បោកប្រាស់។ លោក Paul Smith និយាយថា៖​ «មានពាក្យមួយនៅក្នុងវិស័យនយោបាយអង់គ្លេសដែលគេតែងតែនិយាយថា នៅពេលដែលអ្នកអស់សង្ឃឹម ចូរបន្ទោសជនជាតិបារាំង»។

ជាមួយគ្នានេះ លោក Paul Smith ក៏បានលើកឡើងផងដែរថា៖ «មានប្រព័ន្ធផ្សព្វផ្សាយស្តាំនិយម ដែលតែងតែខឹងសម្បា តវ៉ាប្រឆាំង ពួកគេនឹងធ្វើការវាយប្រហារ​លោក ស៊ូណាក់ ក្នុងពេលណាមួយជាក់ជាមិនខាន»។ នៅពេលរឿងនេះកើតឡើង លោក ស៊ូណាក់ អាចនឹងស្ថិតនៅក្រោមសម្ពាធ ដូចជាអ្នកកាន់តំណែងមុនរបស់គាត់ដែរ។ ម៉្យាងទៀត ការមានមនោសញ្ចេតនាល្អជាមួយប្រធានាធិបតីបារាំងអាចត្រូវបានគេយល់ថាជាកំហុសមួយ ជាពិសេសប្រសិនបើអង់គ្លេសយល់ព្រមតាមការទាមទាររបស់បារាំង។ លោក Andrew Smith បាននិយាយ​ថា៖ «គាត់អាច​នឹងត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ជាមនុស្សទន់ខ្សោយ ឬ​ជា​អ្នក​បម្រើ»។

មូលហេតុទាំងអស់នេះបានធ្វើឱ្យលោក ស៊ូណាក់ ស្ថិតក្នុងស្ថានភាពមួយមិនច្បាស់លាស់ ប៉ុន្តែវាហាក់ដូចជាគាត់នឹងចាត់វិធានការធូរស្រាលជាងអ្នកកាន់តំណែងមុនលោក។ គួររម្លឹកផងដែរថា កាលពីខែសីហា សំណួរមួយត្រូវបានសួរ ដូចគ្នាទៅនឹង លោកស្រី ត្រាស្ស តើបារាំងជាមិត្ត ឬជាសត្រូវ? លោក ស៊ូណាក់ បាននិយាយយ៉ាងសាមញ្ញថាប្រទេសបារាំងគឺជា «មិត្ត» ដែលជាចម្លើយឆ្លើយដោយមិនមានភាពស្ទាក់ស្ទើរ៕

ដោយ៖ ធា សុខណា

ads banner