MBCC រៀបចំ​វេទិកា​ជំរុញឱ្យមានការទប់ស្កាត់​ឧក្រិដ្ឋកម្ម​តាមអ៊ីនធឺណិត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ដោយមើលឃើញថា​ ការវាយប្រហារតាមអ៊ីនធឺណិត​គឺជាបញ្ហាប្រឈមដ៏ធំមួយ​មិនថាសម្រាប់​កម្ពុជា​ ឬពិភពលោក​ សភាពាណិជ្ជកម្មរបស់ម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា​ (MBCC) បានសហការ​ជាមួយ​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំ​វេទិកា​មួយ​ស្តីអំពី​ «សន្តិសុខតាម​អ៊ីនធឺណិត​ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត​»។ វេទិកានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៦ តុលា ឆ្នាំ២០២២​ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា​។

កម្មវត្ថុសំខាន់នៃវេទិកានេះ​គឺកិច្ចពិភាក្សាលើបញ្ហាប្រឈម​ និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា​ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ​។

អញ្ជើញជាអធិបតី​ក្នុងកម្មវិធីខាងលើ​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍កម្ពុជា​ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងថា​៖ « ក្នុងរយ:ពេលជាងពីរឆ្នាំចុងក្រោយនេះ​ សង្គមរបស់យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ​។ ការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត​ ហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា​ AI, Big Data, និង​ Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន»​។

លោករដ្ឋមន្រ្តូបានលើកឡើងដែរថា បច្ចុប្បន្ននេះ​ប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ​។ ស្ថាប័នជាច្រើន ធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម​។

តាមឯកឧត្តមរដ្ឋមន្ត្រី សន្តិសុខតាមអ៊ីនធឺណិតគឺជាទំនួលខុសត្រូវរបស់គ្រប់គ្នា​ ហើយ លោក​ក៏បាន​គូសបញ្ជាក់ទៀតថា​ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ​ និងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត​ ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ​ និងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម​។

បន្ថែមលើនេះ​ ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍​ ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមអ៊ីនធឺណិត​ និងការការពារទិន្នន័យផងដែរ​។

ទាក់ទងរឿងនេះ​ ឯកឧត្តម លីវ សុផាណារិទ្ធិ​ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ បាន​បញ្ជាក់​ប្រាប់កាលពីយប់ថ្ងៃសុក្រ​ ទី២៨ តុលាថា​ នេះជាលើកទី១ហើយដែលសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា​ បានសហការគ្នាជាមួយក្រសួងប្រៃសណីយ៍​រៀបចំវេទិកាស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះឡើង​។

«ប្រសិនបើមានការចាំបាច់​ ប្រហែលជានឹងមានការរៀបចំវេទិកានេះនៅពេលក្រោយទៀត​។ ប៉ុន្តែ​ ឥឡូវ​កម្មវិធី​ជាក់ស្តែង​ យើងអត់ទាន់បានគ្រោងទុកថានឹងកំណត់នៅពេលណាទៀតនោះទេ»​។ លោក លីវ សុផាណារិទ្ធិ បានបន្ថែម​។

គួរជ្រាបថា ក្រៅពីវត្តមានរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា វេទិកាស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដ៏ទទួលបានការចូលរួមពីលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងលោក Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា​។

ក្រៅពីនេះ​ ក៏មានការចូលរួមពីភ្ញៀវ​ដែលមកពីស្ថាប័នរដ្ឋាភិបាល​ ក្រុមហ៊ុនទូរគមនាគមន៍​-បច្ចេកវិទ្យា ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា​ វាគ្មិនជំនាញផ្នែកបច្ចេកវិទ្យា​ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិចំនួនប្រមាណ​ ៣០០នាក់​​៕​ ដោយ៖ លី លីយ៉ា

ads banner