សម្តេចតេជោ ហ៊ុន សែន៖ ឱ្យតែមានសន្តិភាព យើងអាចធ្វើអ្វីគ្រប់យ៉ាងបាន និងប្ដេជ្ញាមិនឱ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមម្ដងទៀត
ខេត្តកំពង់ធំ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឱ្យតែមានសន្តិភាព យើងអាចធ្វើអ្វីគ្រប់យ៉ាងបាន ដូច្នេះត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងសង្រ្គាមវិញ ព្រោះវានឹងបំផ្លិចបំផ្លាញធ្ងន់ធ្ងរណាស់សម្រាប់ប្រទេសជាតិនិងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព យើងរងគ្រោះធម្មជាតិមែន តែយើងមិនអស់សង្ឃឹមទេ ដោយសារយើងមានសន្តិភាពគ្រប់គ្រាន់ យើងមានអាជ្ញាធរដែលយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលេីកឡេីងដែរថា ពេលមានទុក្ខលំបាក តែងឃើញវត្តមានបក្សប្រជាជនកម្ពុជា ចុះជួយប្រជាពលរដ្ឋជាប្រចាំ បក្សខ្លះបានត្រឹមតែជេរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួមនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ថ្លែងក្ដីសង្ឃឹមថា នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតទៅទៀត។ ការគាំទ្រពីប្រជាពលរដ្ឋ ជាការលើកទឹកចិត្តដ៏ធំពីពលរដ្ឋ ខណៈដែលរាជរដ្ឋាខិតខំប្រឹងប្រែងបម្រេីពលរដ្ឋ ៕ ស៊ូ វណ្ណលុក




