លោកបៃដិនហៅ​ការ​វាយ​ប្រហារ​លើ​ស្វាមី​របស់​ប្រធាន​សភា​អាមេរិកថាជា​អំពើ​អាក្រក់​ខ្លាំង

អាមេរិក៖ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន នៅថ្ងៃសុក្រ ទី២៨តុលា​ បានហៅការវាយប្រហារ​ទៅលើ​ស្វាមីរបស់​ប្រធានសភាអាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ថាជាអំពើអាក្រក់​និងគួរឱ្យស្អប់​ខ្ពើមខ្លាំង​។

ជនដែលមាន​ចេតនាឧក្រិដ្ឋម្នាក់​ បានវាយប្រហារលោក ប៉ូល ប៉េឡូស៊ី (Paul Pelosi) ដោយញញួររហូត​បណ្តាលឱ្យលោក​រងរបួសបែកក្បាល​បន្ទាប់ពីជននោះ​បានសម្រុក​ចូលទៅក្នុងផ្ទះ​របស់​ប្តីប្រពន្ធប៉េឡូ​ស៊ី​ នៅរដ្ឋកាលីហ្វ័រញ៉ា​ ដើម្បីស្វែងរកលោកស្រី​ប្រធានសភាអាមេរិក​។ នេះបើតាម​ការ​ឱ្យ​ដឹង​ពី​ខាង​មន្ត្រីអាមេរិក។

ថ្លែងនៅក្នុង​យុទ្ធនាការប្រមូលផ្តុំ​នៅទីក្រុង​ ហ្វ៊ីឡាដែលហ្វៀ (Philadelphia) លោក បៃដិន​ បាននិយាយថា​អំពើហិង្សានយោបាយ​ មិនត្រូវបាន​ស្វាគមន៍​ជាដាច់ខាត​នៅក្នុងទឹកដីនៃ​សហរដ្ឋអាមេរិក​។ ដោយ​និយាយ​ផ្អែកលើ​សេចក្តីរាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយ​ លោកប្រមុខសេតវិមានអាមេរិក​ ថា​ជនវាយប្រហារបានស្រែកឡើងថា៖​ «តើណាន់ស៊ី នៅឯណា​»។ នេះជាសំឡេងស្រែកដូចគ្នា​នឹងការស្រែកដែលបានប្រើក្នុងអំឡុង​នៃការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២១​ លើវិមានកាពីតូល​របស់អាមេរិក​។

លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា​៖ «ខ្ញុំមិនបានបង្កើត​ ប្រតិដ្ឋរឿងនេះឡើងទេ​»។​ «ព័តមាននេះ​ ត្រូវបានគេ​រាយការណ៍មក​»។

គួរជ្រាបថា​ ស្វាមីរបស់ប្រធានសភាអាមេរិកលោក ប៉ូល ប៉េឡូស៊ី​ បានរងការវាយ​ប្រហារ​ដោយជន​ដែលមានចេតនាឧក្រិដ្ឋម្នាក់​ដែលធ្វើសកម្មភាពចាប់បង្ខំ​និង​បាន​គំរាមកំហែងដល់​អាយុជីវិត​របស់​លោក នៅខណៈពេលដែលរូបគេ​ទាមទារជួបលោកស្រី ណាន់ស៊ី ប៉េឡូស៊ី​។ នេះបើតាមលោក ដ្រូ ហេមម៊ល (Drew Hammill) អ្នកនាំពាក្យរបស់​លោកស្រី ប៉េឡូស៊ី និយាយកាលពីថ្ងៃសុក្រ​ម្សិលមិញ​។

មានវ័យ ៨២ឆ្នាំ​ លោក ប៉ូល ប៉េឡូស៊ី​ បាន​ទទួលការ​វះកាត់​ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ហើយ​របួសរបស់លោកកំពុងជាសះស្បើយវិញហើយ​។ ក្នុងពេលរងការវាយប្រហារ​ លោកនៅផ្ទះតែម្នាក់ឯង​ ចំណែកភរិយារបស់លោកវិញ​កំពុងធ្វើការនៅទីក្រុងវ៉ាស៊ីនតោន​។

រយៈពេលតិចជាងពីរសប្តាហ៍​មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក​ សមាជិកនៃគណបក្សទាំងពីរ ពោលទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ បានព្រមានពីអំពើហិង្សាផ្នែកនយោបាយ​ដែលអាចកើតមានឡើង​៕

ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖

Biden calls attack on US Speaker Pelosi’s husband ‘despicable’

ads banner