ព្យុះ​ត្រូពិក​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៧២​នាក់

ហ្វីលីពីន៖នៅ​ប្រទេស​ហ្វីលីពីនខ្យល់​ព្យុះ​ត្រូពិក​ដ៏​ខ្លាំង​ក្លា​មួយ ឈ្មោះ Nalgae បាន​បោកបក់​ទៅ​លើ​ប្រទេស​នេះ​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា​នេះ និង​បាន​នាំ​ទៅ​ជាមួយ​នូវ​ទឹក​ជំនន់​យ៉ាង​គំហុក​បង្ក​ឱ្យ​មាន​ការ​រអិល​បាក់ដី ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​៧២​នាក់​។ នេះ​បើ​តាម​របាយការណ៍​បឋម​ពី​អាជ្ញាធរ​ហ្វីលីពីន។

Nalgae បាន​ចាប់​ផ្ដើម​បោក​បក់​ទៅ​លើ​កោះ Luzon ដែល​ជា​កោះ​ដ៏​សំខាន់​មួយរបស់​ហ្វីលីពីន ដោយ​មាន​កម្លាំង​ខ្យល់​បក់​អតិបរមា ៩៥​គីឡូម៉ែត្រ នៅ​ក្នុង​មួយ​ម៉ោង​។ មុន​នឹង​ព្យុះ​នេះ​ធ្វើ​ដំណើរ​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ វា​បាន​ជះ​ចំហាយ​ឥទ្ធិពល​មក​មុន​ជា​បន្ត​បន្ទាប់ ដូច​ជា​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន និង​បាន​បង្ក​ជា​ការ​ជន់​លិច​តំបន់​ជនបទ​ភាគ​ច្រើន​នៅ​លើ​កោះ​មីនដាណាវ​។

ក្រៅ​ពី​ការ​ជន់​លិច ក៏​មាន​ផង​ដែរ ការ​បាក់ដី​ដែល​បង្ក​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​ជា​ច្រើន និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជិត​៥០០​ខ្នង​។

នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​របស់ហ្វីលីពីន លោក Rafaelito Alejandro បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​ខ្យល់​ព្យុះត្រូពិក Nalgae បាន​កើន​ឡើង​ដល់​ចំនួន​៧២​នាក់​ហើយ​ ខណៈ​មនុស្ស​១៤​នាក់​ទៀត​កំពុង​បាត់​ខ្លួន ចំណែក​ចំនួន​អ្នក​រង​របួស​មាន​៣៣​នាក់​។ បើ​តាម​ប្រភព​អាជ្ញាធរ​ដដែល ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ដាក់​អាទិភាព​ការងាររបស់​ខ្លួន​នៅ​ឯ​ភូមិ Kuusiong ជា​កន្លែង​ដែល​គេ​រក​ឃើញ​សាកសព​រាប់​សិប​នាក់​ដែល​ស្លាប់​ដោយ​សារ​គ្រោះទឹក​ជំនន់ នៅ​ថ្ងៃ​សុក្រ​។

ទីភ្នាក់ងារ​ព្យាករណ៍​អាកាសធាតុ​របស់ហ្វីលីពីន បាន​ទាញ​សញ្ញា​អាសន្ន​ថា ខ្យល់​ព្យុះ​ត្រូពិក នឹង​អាច​វាយ​ប្រហារ​រដ្ឋធានី​ម៉ានីល ដែល​ជា​ទី​ប្រជុំជន​ដ៏​ធំ​មួយ មាន​ប្រជាជន​រស់​នៅ​ជាង​១៣​លាន​នាក់​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាករណ៍​នេះ អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​សង្គ្រោះ​បន្ទាន់​ចំនួន ៥​ពាន់​នាក់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ទៅតាម​ការ​ចាំ​បាច់​។ លោក Rafaelito Alejandro បាន​ទទូច​ស្នើ​សុំ​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តាម​បណ្ដោយ​ឆ្នេរ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​សម្ងំ​នៅ​ក្នុង​ផ្ទះ ពេល​ព្យុះ​នេះ​ធ្វើ​ដំណើរ​ទៅ​ដល់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ជា​យថាហេតុ​។

បន្ថែម​ពី​លើ​ផល​ប៉ះពាល់​ដល់​ប្រជាជន ការ​បោក​បក់​របស់​ខ្យល់​ព្យុះ​ត្រូពិក Nalgae បាន​បង្ខំ​ឱ្យ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ផ្អាក​សេវាកម្ម​សាឡាង​ឆ្លង​កាត់​​ប្រជុំ​កោះ​ជា​ច្រើន ដែល​ជា​លទ្ធផល វា​បាន​ធ្វើ​ឱ្យ​អ្នក​ដំណើរ​រាប់​ពាន់​នាក់​ត្រូវ​ជាប់​គាំង​នៅ​កំពង់ផែ។ ចំណែក​ជើង​ហោះហើរ​ជាង​១០០​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន។​

សូម​ជម្រាប​ថា ប្រទេស​ហ្វីលីពីនរងការវាយប្រហារដោយព្យុះធំៗយ៉ាង​ហោច​ណាស់ ​២០ជារៀងរាល់ឆ្នាំ ដែលសម្លាប់មនុស្សអស់​រាប់រយនាក់ ភាគ​ច្រើន​នៅ​តំបន់​ប្រជុំជន​ក្រីក្រ​។ អ្នកវិទ្យាសាស្ត្របានព្រមានថា ខ្យល់​ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង អាច​សម្លាប់សត្វពាហនៈ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផង​នោះ នឹង​កាន់តែមានឥទ្ធិពលខ្លាំងឡើង នៅពេលដែលពិភពលោកកាន់តែឡើង​កម្ដៅ ដោយសារតែការប្រែប្រួលអាកាសធាតុ៕ ដោយ៖កែវ កិរិយា

ads banner