នៅហ្វីលីពីន៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ Nalgae កើន​ឡើង​ដល់​ចំនួន​៩៨​នាក់

ហ្វីលីពីន៖ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ហ្វីលីពីន បាន​រាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​ខ្យល់​ព្យុះ Nalgae បាន​កើន​ឡើង​ដល់​ចំនួន​៩៨​នាក់​ហើយ​។ បើ​តាម​ទីភ្នាក់ងារ​ដដែលនៅ​ថ្ងៃ​ចន្ទ ទី​៣១ខែ​តុលា​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. បានធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​នេះ ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​នានា តាម​រយៈ​ការ​ជិះ​ពិនិត្យ​មើល​ពី​លើ​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ ខណៈ​តំបន់​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ Nalgae ទាំង​អស់​កំពុង​តែ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​។ បើ​តាមសេចក្ដី​រាយការណ៍​ដដែល ក្រៅ​តែពី​ចំនួន​អ្នក​ស្លាប់ ក៏​មាន​ផង​ដែរ​អ្នក​រង​របួស​ចំនួន ៦៩​នាក់ និង ៦៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។

ខ្យល់​ព្យុះ​ត្រូពិក Nalgae មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បោក​បក់​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង ៧៥៨​លាន​ប៉េសូ ឬ​ស្មើ​នឹង​ប្រមាណ ១៣​លាន​ដុល្លារអាមេរិក​ ខណៈ​ការ​ខាត​បង់​នៅ​ក្នុង​វិស័យ​កសិកម្ម ត្រូវ​គេ​ប៉ាន់ស្មាន​ថា​មាន​តម្លៃ​ជាង ៤៣៥​លាន​ប៉េសូ​។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ត្រូពិក Nalgae លោក​ប្រធានាធិបតី Ferdinand Marcos Jr. បាន​សម្ដែង​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​អ្នក​ស្លាប់​ដ៏​ច្រើន ជា​ពិសេស​នៅ​ក្នុង​ខេត្ត Maguindanao ក្នុង​ទីក្រុង Bangsamoro។

សូម​ជម្រាប​ថា ខ្យល់​ព្យុះ Nalgae បានចាប់​ផ្ដើម​វាយ​ប្រហារលើ​ប្រទេស​ហ្វីលីពីន​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​បាន​នាំ​ទៅ​ជាមួយ​នូវ​ខ្យល់បោកបក់​ខ្លាំង ភ្លៀង​ធ្លាក់​យ៉ាង​គំហុក និង​ការ​រអិល​បាក់​ដី​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា​នេះ ខ្យល់​ព្យុះ Nalgae បាន​ថយ​កម្លាំង​ត្រៀម​ចាកចេញពី​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​បន្ត​ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។

ប្រទេសហ្វីលីពីន រង​គ្រោះ​ដោយ​ខ្យល់ព្យុះជាមធ្យមចំនួន ២០​នៅ​ក្នុងមួយឆ្នាំ ដោយមានការបាក់ដី​និង​ទឹក​ជំនន់​ជាញឹកញាប់ ដែល​ជារឿយ​ៗ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ជា​ច្រើន​៕ ដោយ៖កែវ កិរិយា

ads banner