ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ១.៥០៨គ្រួសារក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលស្រូវពូជពីរាជរដ្ឋាភិបាល

អត្ថបទដោយ៖
ជា សេឌី

ខេត្តកំពង់ចាម ៖ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផលដំណាំរបស់ប្រជាកសិករទូទាំងប្រទេស។ ដោយឡែកនៅស្រុកព្រៃឈរ ជំនន់ទឹកភ្លៀង និងទន្លេមេគង្គបានធ្វើឲ្យប៉ពាល់ដំណាំស្រូវចំនួន ៩៩៥ហិចតា ស្មើនឹង ១.៥០៨ គ្រួសារ មកពី៨ឃុំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បាននាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ១.៥០៨ គ្រួសារខាងលើ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ធ្វើនៅក្នុងបរិវេណសាលាស្រុកព្រៃឈរ។

លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មានចំនួន៨ឃុំ លើផ្ទៃដី ៩៩៥ ហិចតា ស្មើនឹង ១.៥០៨គ្រួសារ។ តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានផ្តល់ពូជស្រូវជូនប្រជាកសិករដែលរងផលប៉ះពាល់ទាំង ១.៥០៨គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ១០០គីឡូក្រាម ជាប្រភេទ OM5451 ដែលជាពូជល្អ និងផ្តល់ទិន្នផល ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បញ្ជាក់ថា ទឹកជំនន់បានកើតមានជាច្រើនប្រទេសលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងពីទឹកភ្លៀងផង និងជំនន់ទន្លេមេគង្គផង។ ដូចនេះ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឺកជំនន់ រាជរដ្ឋាភិបាលតែងផ្តល់អំណោយសង្គ្រោះបន្ទាន់ និងផ្តល់ពូជស្រូវដល់ប្រជាកសិករដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកស្រក។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ហើយសង្ឃឹមជឿជាក់ថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត ៕
ប្រភព ៖ គណៈរដ្ឋមន្ត្រី
ដោយ ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner