អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ ក្រោយការដាក់ចេញនូវឱសានវាទដល់អាជីវករឲ្យបញ្ឈប់ការលក់ដូរ ដែលមិនគោរពតាមការណែនាំរបស់ អាជ្ញាធរ និងគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោក ចៅ មុន្នីរ៉ា និងអភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានដឹកនាំកម្លាំងសមត្ថកិច្ចក្រុង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ ក្រោយអាជីវករផ្សារសាមគ្គីស្ទឹងត្រែង និងអ្នកលក់ដូរមកពីទីជនបទ នាំគ្នាលក់ដូរត្រៀបត្រា រាយប៉ាយនៅតាមដងផ្លូវ សួនច្បារ និងផ្លូវរង្វង់មូលមាត់ទន្លេ ធ្វើឲ្យបាត់បង់របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន បាត់បង់សោភ័ណភាពក្រុង និងការកកស្ទះចរាចរណ៍ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ។

កម្លាំងនគរបាលក្រុងស្ទឹងត្រែង នៅថ្ងៃ៣១តុលានេះ បានអនុវត្តតាមការសម្រេចរបស់ អាជ្ញាធរខេត្ត-ក្រុង និងគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង លើគោលការណ៍ ៣ចំណុច ដែលបានកំណត់ឲ្យអាជីវករ ត្រូវតែគោរពតាមការណែនាំនោះ គឺ ១.អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់អីវ៉ាន់ត្រឹមគំនូសដែលបានរៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ ,២.ចំពោះប្រជាពលរដ្ឋលក់ដូរបន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេ គឺត្រូវរកទីតាំងលក់ដោយខ្លួនឯង និង ៣.ម្ចាស់ម៉ូតូ ដែលបានចតអនាធិបតេយ្យជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។ ក្នុងករណីមិនគោរពតាមការណែនាំនេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។

រដ្ឋបាលក្រុងស្ទឹងត្រែង បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ឬ អាជីវករដែលកំពុងលក់ដូរលើផ្លូវតាមមាត់ទន្លេ និងសួរច្បារទាំងអស់ ត្រូវបញ្ឈប់ការលក់ដូរជាបន្ទាន់ ចាប់ពីថ្ងៃទី២៨ តុលា ដល់ថ្ងៃទី៥ វិច្ឆិកា ២០២២ ជាការកំណត់។ ចំពោះបងប្អូនប្រជាពលរដ្ឋ ឬ អាជីវករដែលពុំមានទីតាំងលក់ដូរ អាចទៅរកទីតាំងលក់ដូរបាន នៅផ្សារក្រុងស្ទឹងត្រែង ឬ ផ្សារអូរឬស្សី និងផ្សារគីឡូលេខ២ ក្នុងក្រុងស្ទឹងត្រែង ។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានបញ្ជាក់ថា ក្នុងករណីមិនគោរព អនុវត្តតាមសេចក្តីជូនដំនឹងនេះ ក្រុមការងារនឹងចាត់វិធានការរដ្ឋបាលរុះរើចេញ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត បាត់បង់សម្ភារៈទំនិញ ឬ ទ្រព្យសម្បត្តិទាំងនោះឡើយ។ ហើយក្នុងករណីរារាំង ឬ ប្រឆាំងនឹងការអនុវត្តរបស់ក្រុមការងារ ឬ សមត្ថកិច្ច នឹងអនុវត្តតាមវិធានការច្បាប់ ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner