កំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាននឹងធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម
ភ្នំពេញ៖ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា៖បច្ចុប្បន្ន តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព បទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនត្រូវបានរៀបចំ សំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ បានធ្វើបង្ហាញស្តីពីរបាយការណ៍លទ្ធផលសិក្ខាសាលាស្តីពីការត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ។
ក្នុងឱកាសនៃការធ្វើបទបង្ហាញ ឯកឧត្តមអគ្គនាយក បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ១)តួនាទីស្នូលក្រសួងបរិស្ថាន និងយន្តការនិរន្តរភាព ២)សមិទ្ធផលការងារសំខាន់ដែលសម្រេច ៣)លទ្ធផលពីអង្គសិក្ខាសាលារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ៤)បញ្ហាប្រឈម និង៥)ទិសដៅការងារឆ្នាំ២០២៣។
ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងថា អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដាក់ចេញការងារអាទិភាពនៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ ដោយកំណត់កម្មវិធីសកម្មភាពជាយុទ្ធសាស្រ្តចំនួន៦ រួមមាន ក្របខណ្ឌច្បាប់ និងគោលនយោបាយជាតិ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងជីវៈសុវត្ថិភាព សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការប្រតិបត្ដិការ។
ទន្ទឹមនេះដែរ អគ្គនាយដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទ នៃការអភិវឌ្ឍទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព តាមរយៈការបង្កើនប្រសិទិ្ធភាព និងយន្តការអនុវត្តឱ្យបានកាន់តែប្រសើរ ៕ ដោយ៖ម៉ាដេប៉ូ

