កំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងបរិស្ថានបានឆ្លុះបញ្ចាំងអំពីការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ស្របតាមកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង បានឆ្លុះបញ្ចាំងអំពីការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ មានជាអាទិ៍ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយសម្រេចបានសមិទ្ធផល និងលទ្ធផលការងារសំខាន់ៗជាច្រើនគួរជាទមោទនៈនៅតាមបណ្តាអង្គភាពចំណុះក្រសួងបរិស្ថាន ពិសេសអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន។
គួរបញ្ជាក់ថាការថ្លែងរបស់ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងបរិស្ថានបែបនេះធ្វើឡើងក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ក្នុងពិធីនេះដែរ ឯកឧត្តម ជ្រិន សុខា បានឡើងធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលសិក្ខាសាលាបូកសរុបការងាររបស់អង្គភាពថវិកាទី៦ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ដោយបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ រួមមាន៖ ទី១)លទ្ធផលការងារសម្រេចបានរបស់អង្គភាពថវិកាទី៦ ទី២)បញ្ហាប្រឈម និងទី៣)ទិសដៅអនុវត្តនិងសំណូមពរ។
ឯកឧត្តម ជ្រិន សុខា បានឱ្យដឹងបន្ថែមថា ការសម្រេចបាននូវទស្សនវិស័យរដ្ឋបាលទំនើបនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកជាចលករគន្លឹះដែលជំរុញដល់ការអនុវត្តគោលបំណង គោលនយោបាយ នៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព៕ដោយ៖ម៉ាដេប៉ូ

