ប៉ូលិសឥណ្ឌាចាប់ខ្លួនមនុស្សប្រាំបួននាក់ ពាក់ព័ន្ធនឹងហេតុការណ៍បាក់ស្ពាននៅរដ្ឋគូចារ៉ាត
ឥណ្ឌា៖ នៅថ្ងៃចន្ទ ទី៣១ តុលា មនុស្សប្រាំបួននាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងហេតុការណ៍បាក់ស្ពានថ្មើរជើងមួយនៅភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៣៧នាក់។ នេះបើតាមការឱ្យដឹងពីប៉ូលិសឥណ្ឌា។
តាមរយៈសេចក្តីថ្លែងការណ៍មួយ មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌាលោក អាសហុក គូម៉ា យ៉ាដាវ (Ashok Kumar Yadav) បាននិយាយថា មនុស្សទាំងប្រាំបួននាក់នោះជាអ្នកដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជួសជុលស្ពាននៅក្រុងម៉ូប៊ីនៃរដ្ឋគូចារ៉ាត។ ពួកគេកំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដែលមិនពាក់ព័ន្ធនឹងករណីឃាតកម្ម។
ស្ពានដែលទើបតែត្រូវបានបើកឡើងវិញប៉ុន្មានថ្ងៃមុននេះបន្ទាប់ពីជួសជុលអស់ជាច្រើនខែ បានបាក់រលំកាលពីយប់ថ្ងៃអាទិត្យ និងបានបណ្តាលឱ្យមនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទន្លេនៃរដ្ឋគូចារ៉ាត ដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។
មើលតាមវីដេអូ CCTV គេឃើញស្ពានចាប់យោលអង្រួនខ្លាំង ដោយសារមានមនុស្សពីរបីនាក់បានព្យាយាមអង្គ្រន់ស្ពានឲ្យយោលទៅយោលមកដោយចេតនា មុនពេលវាបាក់រលំភ្លាមៗបន្ទាប់នោះ។
បើតាមអាជ្ញាធរឥណ្ឌា ក្នុងយប់កើតហេតុ មនុស្សចំនួនជិត ៥០០នាក់កំពុងតែប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ «ឌីវ៉ាលី» នៅលើនិងជុំវិញស្ពានយោលដែលមានអាយុកាលជិត ១៥០ឆ្នាំ ហើយរំពេចនោះ ខ្សែកាបស្ពានដ៏ចាប់ផ្តើមដាច់។
ក្រោយស្ពាក់បាក់ មនុស្សម្នាបានខំស្រវាតោងបំណែកស្ពាន ឬព្យាយាមហែលទៅរកកន្លែងមានសុវត្ថិភាពទាំងស្ថានភាពងងឹត។ ចំណែកអាជ្ញាធរវិញ បានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដោយមានទូកនិងអ្នកមុជទឹកស្វែងរកជងរងគ្រោះទាំងយប់និងពេញមួយថ្ងៃចន្ទ។
ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃចន្ទ ទី៣១តុលា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣៧នាក់ ក្នុងនោះមានកុមារប្រមាណ ៥០នាក់ ហើយក្មេងជាងគេគឺជាក្មេងប្រុសអាយុ ២ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី ដែលគ្រោងទៅពិនិត្យមើលកន្លែងកើតហេតុក្នុងថ្ងៃអង្គារនេះ បាននិយាយថាលោកប្រហែលជាកម្របានជួបប្រទះការឈឺចាប់ខ្លាំងបែបនេះនៅក្នុងជីវិតរបស់លោកណាស់។
គួរជ្រាបថា ស្ពានយោលចំណាស់ដែលបានបាក់នៅក្រុងម៉ូប៊ីនៃរដ្ឋគូចារ៉ាតកាលពីយប់ថ្ងៃអាទិត្យទី៣០តុលា មានប្រវែង ២៣៣ម៉ែត្រ និងទទឹង ១,៥ម៉ែត្រ។ ស្ពាននេះ ត្រូវបានសាងសង់ឡើងតាំងពីសម័យអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៨៨០ ជាមួយនឹងសម្ភារដែលនាំយកមកពីប្រទេសអង់គ្លេស។
គួរជ្រាបដែរថា គ្រោះថ្នាក់កើតឡើងពីហេដ្ឋារចនាសម្ព័ន្ធចាស់ៗនិងថែទាំមិនបានល្អ រួមទាំងស្ពានផងនោះ គឺជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង កាលពីឆ្នាំ ២០១៦ ហេតុការណ៍បាក់ស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកមួយកន្លែងក្នុងទីក្រុង កុលកាតា (Kolkata) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់។
ចំណែកកាលពី ៥ឆ្នាំមុនវិញ មនុស្សយ៉ាងតិច ៣២ នាក់បានបាត់បង់ជីវិត នៅពេលដែលស្ពានឆ្លងមួយបានបាក់នៅឯរមណីយដ្ឋានភ្នំដាជីលីង (Darjeeling)៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖