កូរ៉េខាងជើងទាមទារឱ្យសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាបន្ទាន់
ព្យុងយ៉ាង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទទី៣១ ខែតុលានេះ បានជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅការធ្វើសមយុទ្ធនេះថា ជាការបង្កហេតុ ដែលអាចនឹងមានវិធានការឆ្លើយតបដ៏ធំសម្បើមពីទីក្រុងព្យុងយ៉ាង។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន នៅថ្ងៃចន្ទទី៣១ ខែតុលា ដោយយន្តហោះចម្បាំងរាប់រយគ្រឿងមកពីប្រទេសទាំងពីរ បានហ្វឹកហាត់វាយប្រហាររយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ។
កងទ័ពអាកាសអាមេរិកបាននិយាយថា ប្រតិបត្តិការនេះហៅថា Vigilant Storm នឹងដំណើរការរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងមានការចូលរួមពីសំណាក់យន្តហោះចម្បាំងប្រហែល២៤០គ្រឿង ដែលធ្វើប្រតិបត្តិការហោះហើរប្រមាណ ១,៦០០ជើង។
ឆ្លើយតបនឹងការធ្វើសមយុទ្ធខាងលើនេះ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ បានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដើម្បីដណ្តើមអំណាចម្តងទៀត ពីព្រោះតែចលនាយោធាឥតឈប់ឈរ និងមិនប្រុងប្រយ័ត្នរបស់អាមេរិក-កូរ៉េខាងត្បូង។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដីពីការគំរាមកំហែងដោយយោធាក្រៅប្រទេស។ ប្រសិនបើអាមេរិកនៅតែបន្តការបង្កហេតុខាងយោធាយ៉ាងធ្ងន់ធ្ងរ នោះកូរ៉េខាងជើងនឹងពិចារណាលើវិធានការតាមដានដ៏មានឥទ្ធិពលបន្ថែមទៀត៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា