ផលិតករភាពយន្ត កញ្ញា រិទ្ធី លំអរពេជ្រ តំណាងប្រទេសកម្ពុជាចូលរួមកម្មវីធី Talents Tokyo 2022 នៅប្រទេសជប៉ុន
ភ្នំពេញ៖កញ្ញា រិទ្ធី លំអរពេជ្រ អ្នកដឹកនាំខ្សែភាពយន្តនិងជាស្ថាបនិកនៃក្រុមភ្លើងគប់ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍទេពកោសល្យ និងពង្រីកបណ្ដាញក្នុងវិស័យភាពយន្ត «Talents Tokyo 2022»។ កម្មវិធីនេះកំពុងប្រព្រឹត្តធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្មវិធី «Talents Tokyo» នៅឆ្នាំ២០២២នេះ មានការចូលរួមពីអ្នកដឹកនាំខ្សែភាពយន្ត និងផលិតករភាពយន្តវ័យក្មេង មានទេពកោសល្យ និងប្រកបដោយថាមពលចំនួន១៥នាក់ មកពីបណ្ដាប្រទេសនៅអាស៊ី ដូចជាកម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ផលិតករវ័យក្មេងទាំង១៥នាក់នេះ នឹងទទួលបានការបង្ហាត់បង្ហាញនិងចែករំលែកបទពិសោធ ពីអ្នកជំនាញជួរមុខក្នុងផ្នែកខ្សែភាពយន្តចំនួនបួនរូប ក្នុងនោះរួមមាន អ្នកដឹកនាំខ្សែភាពយន្ត Anthony CHEN មកពីប្រទេសសិង្ហបុរី, ផលិតករភាពយន្ត លោក Raymond PHATHANAVIRANGOON មកពីហុងកុងនិងថៃ, អ្នកជំនាញផ្នែកលក់ លោក XIE Meng មកពីប្រទេសចិន, និងលោក Florian WEGHORN មកពីប្រទេសអាល្លឺម៉ង់។
កញ្ញា រិទ្ធី លំអរពេជ្រ អ្នកដឹកនាំរឿងវ័យក្មេង បានថ្លែងពីទីក្រុងតូក្យូនៅថ្ងៃពុធទី២ ខែវិច្ឆិកា នេះថា កញ្ញាសប្បាយចិត្តនិងរំភើបណាស់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមនៅក្នុងកម្មវិធី Talents Tokyo នៅឆ្នាំ២០២២នេះ ក្នុងចំណោមអ្នកដាក់ពាក្យចូលរួមមកពីប្រទេសសរុបចំនួន ១២៩ប្រទេស។
បើតាមកញ្ញា រិទ្ធី លំអរពេជ្រ ផលិតករនិងអ្នកដឹកនាំខ្សែភាពយន្តដែលត្រូវបានជ្រើសរើសឱ្យចូលរួមនៅក្នុងកម្មវិធីនេះ សុទ្ធសឹងតែជាអ្នកដែលមានគម្រោងខ្សែភាពយន្តខ្នាតវែងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅក្នុងដៃរួចរាល់ហើយ។ តាមរយៈកម្មវិធី Talents Tokyo នេះ អ្នកជំនាញក្នុងវិស័យខ្សែភាពយន្តនឹងផ្ដល់ជំនួយបច្ចេកទេស និងការណែនាំបន្ថែមទៀត ដើម្បីឱ្យខ្សែភាពយន្តដែលកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនោះ មានគុណភាពកាន់តែប្រសើរឡើង។
កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ជាក់ថា៖ «តាមរយៈការចូលរួមកម្មវិធី Talents Tokyo នេះ ខ្ញុំចង់អភិវឌ្ឍខ្សែភាពយន្តខ្នាតវែងទី២របស់ខ្ញុំបន្ថែមទៀត និងចង់បង្កើតបណ្ដាញ ស្វែងរកសហផលិតករនៅក្រៅប្រទេស ដើម្បីទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផលិតភាពយន្តថ្មី។ ខ្ញុំគិតថា វាដល់ពេលហើយដែលត្រូវបញ្ចេញខ្សែភាពយន្តទី២របស់ខ្ញុំ បន្ទាប់ពីខ្សែភាពយន្ត «ស្នេហាក្មេងៗ ឬ Young Love» របស់ខ្ញុំត្រូវបានផលិតនិងចាក់បញ្ចាំងជាផ្លូវការកាលពីឆ្នាំ២០១៨»។
សម្រាប់ កញ្ញា រិទ្ធី លំអរពេជ្រ វាគឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កញ្ញា ក្នុងនាមជាអ្នកដឹកនាំខ្សែភាពយន្តខ្មែរតែម្នាក់ ដែលបានជ្រើសរើសឱ្យចូលរួមកម្មវីធី Talents Tokyo នៅឆ្នាំ២០២២នេះ។ អ្នកដឹកនាំខ្សែភាពយន្តរូបនេះ សង្ឃឹមថានឹងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យខ្សែភាពយន្តនៅបរទេសបានច្រើន រាប់ចាប់តាំងពីផលិតករ អ្នកដឹកនាំ អ្នកចែកចាយខ្សែភាពយន្ត ព្រមទាំងអ្នកវិនិយោគក្នុងវិស័យខ្សែភាពយន្តជាដើម។
កញ្ញា រិទ្ធី លំអរពេជ្រ៖ «មែនទែនទៅ កម្ពុជាពិតជាត្រូវការការសហការពីក្រៅប្រទេស ព្រោះទីផ្សារភាពយន្តនៅក្នុងប្រទេសកម្ពុជានៅមានភាពតូចចង្អៀតនៅឡើយ។ មួយវិញទៀត ប្រសិនបើពុំមានកិច្ចសហការឱ្យបានទូលំទូលាយជាមួយភាគីពាក់ព័ន្ធនៅក្រៅប្រទេសដែលមានជំនាញច្បាស់លាស់ទេ នោះវាពិតជាពិបាកណាស់នៅក្នុងការជំរុញវិស័យភាពយន្តកម្ពុជាឱ្យដើរលឿនទៅមុខ»។
កញ្ញាបន្តថា៖ «កម្ពុជាមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអាចផ្ដល់ជូនដល់ទស្សនិកជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលពុំដែលស្គាល់កម្ពុជា។ ខ្ញុំជឿជាក់ថា រសជាតិនៃខ្សែភាពយន្តរបស់ខ្មែរដែលមានលក្ខណៈដាច់ដោយឡែកពីប្រទេសដទៃ គួរតែត្រូវបានផលិតនិងផ្សព្វផ្សាយទៅដល់អ្នកនិយមមើលកុននៅបរទេសឱ្យបានស្គាល់កាន់តែច្រើន»។
ក្រោយពេលចូលរួមកម្មវិធី Talents Tokyo ចប់សព្វគ្រប់និងត្រឡប់មកដល់មាតុប្រទេសវិញ អ្នកដឹកនាំខ្សែភាពយន្ត និងជាស្ថាបនិកនៃក្រុមភ្លើងគប់ កញ្ញា រិទ្ធី លំអរពេជ្រ គូសបញ្ជាក់ថា កញ្ញានឹងពាំនាំនូវបទពិសោធដែលកញ្ញាបានទទួលពីកម្មវិធីនេះ មកចែករំលែកដល់អ្នកធ្វើការក្នុងវិស័យភាពយន្តខ្មែរ ធ្វើយ៉ាងណាឱ្យពួកគេបានយល់ដឹងអំពីចំណេះថ្មីៗ និងនាំយកចំណេះដឹងអស់ទាំងនោះទៅអនុវត្តផ្ទាល់ ដើម្បីឱ្យវិស័យភាពយន្តខ្មែរអាចបោះជំហានទៅមុខប្រកបដោយគុណភាព និងជាពិសេសគឺមានការទទួលស្គាល់នៅលើឆាកអន្ដរជាតិ៕
ដោយ៖កែវ កិរិយា