ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នឹងបោះឆ្នោតលើបង្កើតក្រុមស៊ើបអង្កេតអាវុធជីវសាស្ត្រអ៊ុយក្រែន តាមការអះអាងគ្មានមូលដ្ឋានរបស់រុស្ស៊ី
អ.ស.ប៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានកំណត់ពេលបោះឆ្នោតនៅថ្ងៃពុធ ទី២ ខែវិច្ឆិកា នេះ លើសេចក្ដីសម្រេចចិត្តបង្កើតគណៈកម្មការស៊ើបអង្កេតការអះអាងដោយគ្មានមូលដ្ឋានរបស់រុស្ស៊ី ដែលថាអ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពជីវសាស្ត្រយោធា ដែលបំពានលើអនុសញ្ញាហាមឃាត់ការប្រើប្រាស់អាវុធជីវសាស្ត្រ។
រុស្ស៊ីបានផ្សព្វផ្សាយឯកសារកម្រាស់ ៣១០ ទំព័រទៅកាន់សមាជិកក្រុមប្រឹក្សាកាលពីសប្តាហ៍មុន ដោយចោទប្រកាន់ថា សកម្មភាពជីវសាស្ត្រនេះកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដោយមានការគាំទ្រពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ឯកសាររបស់រុស្ស៊ី រួមមានទាំងពាក្យបណ្តឹងផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានអនុញ្ញាតក្រោមមាត្រាទី ៦ នៃអនុសញ្ញាអាវុធជីវសាស្រ្តឆ្នាំ ១៩៧២ និងសេចក្តីព្រាងសម្រេចចិត្ត ដែលនឹងអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខបង្កើតគណៈកម្មការមួយ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន ១៥ ប្រទេស ដើម្បីស៊ើបអង្កេតការអះអាងរបស់រុស្ស៊ី។
ការចោទប្រកាន់ដំបូងរបស់រុស្ស៊ី អំពីមន្ទីរពិសោធន៍អាវុធជីវសាស្ត្រសម្ងាត់របស់អាមេរិកនៅអ៊ុយក្រែន ផ្ទុះឡើងភ្លាមៗបន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួននៅចុងខែកុម្ភៈ។ប៉ុន្តែត្រូវបានច្រានចោលដោយអ្នកវិទ្យាសាស្រ្តឯករាជ្យ មេដឹកនាំអ៊ុយក្រែន ក៏ដូចជាសហរដ្ឋអាមេរិក។
ចំពោះការចោទប្រកាន់ចុងក្រោយនេះក៏ដូចគ្នា ដោយលោកខាងលិចបានហៅថាវាលេសរបស់រុស្ស៊ី ដើម្បីបង្កើនភាពតានតឹង ខណៈអ៊ុយក្រែនផ្ទាល់បន្ថែមថា រុស្ស៊ីជាអ្នកធ្វើសកម្មភាពរៀបចំអាវុធជីវសាស្រ្តដោយខ្លួនឯង ហើយទម្លាក់កំហុសឱ្យអ៊ុយក្រែន។ ចំណែកឯទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ ក៏បានអះអាងថា ខ្លួនមិនបានរកឃើញភស្តុតាងដូចការចោទប្រកាន់របស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។
សូមបញ្ជាក់ថា អ៊ុយក្រែនមានបណ្តាញមន្ទីរពិសោធន៍ជីវសាស្រ្ត ដែលទទួលមូលនិធិ និងការគាំទ្រការស្រាវជ្រាវពីសហរដ្ឋអាមេរិក ប៉ុន្តែគ្រប់គ្រង និងដំណើរការដោយអ៊ុយក្រែន ហើយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមហៅថា កម្មវិធីកាត់បន្ថយការគំរាមកំហែងជីវសាស្ត្រ ដែលមានគោលបំណងកាត់បន្ថយលទ្ធភាពនៃការផ្ទុះឡើងដ៏សាហាវ មិនថាធម្មជាតិ ឬមនុស្សបង្កើត។
កាលពីខែកញ្ញា រដ្ឋភាគីទាំង ១៩៧ នៃអនុសញ្ញាអាវុធជីវសាស្រ្ត បានជួបប្រជុំគ្នាតាមសំណើរបស់រុស្ស៊ី លើសកម្មភាពនៅមន្ទីរពិសោធន៍ជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរបាយការណ៍ចុងក្រោយបាននិយាយថា មិនអាចឈានដល់ការឯកភាពគ្នាបានទេ។
ជុំវិញការបោះឆ្នោតដែលធ្វើឡើងនៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅក្រុងញូវយ៉ក) ក្រុមអ្នកការទូតបានអះ អាងថា វាមិនទំនងទេដែលថាសេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី នឹងត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ។ ការអនុម័ត តម្រូវឱ្យមានការបោះឆ្នោតគាំទ្រយ៉ាងតិច៩ និងគ្មានវេតូដោយសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង៥ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន។ខណៈដែលរុស្ស៊ីមានសិទ្ធិវេតូនោះ៕
ដោយ៖ហួន ឌីណា