តម្លៃអង្ករវៀតណាមបានវ៉ាថៃនៅលើទីផ្សារសកល

វៀតណាម៖អង្ករបាក់៥ភាគរយរបស់វៀតណាម ដែលជាធម្មតាមានតម្លៃតិចជាងដៃគូរថៃរបស់ខ្លួននៅក្នុងទីផ្សារនាំចេញបានឡើងថ្លៃខ្ពស់ កាលពីខែតុលាដែលមិនធ្លាប់មានក្នុងប្រវត្តិនៃថ្លៃរបស់ខ្លួន។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានឱ្យដឹងថា តម្លៃអង្ករប្រភទេនេះត្រូវបានលក់ចេញក្នុងតម្លៃចន្លោះពី ៤២៥-៤៣០ ដុល្លារក្នុងមួយតោន ដែលបានឡើងថ្លៃ ខ្ពស់ជាងប្រភេទអង្ករដូចគ្នារបស់ប្រទេសឥណ្ឌាចន្លោះពី៤៨-៥១ដុល្លារ និង ពី១៨-២៥ ដុល្លារ ខ្ពស់ជាងប្រទេសថៃ។

ប្រទេសវៀតណាមបាននាំចេញអង្ករច្រើនប្រភេទជាង៦លានតោនកើនឡើង១៧ភាគរយ ក្នុងរយៈពេល១០ខែដំបូង ធៀបនឹងឆ្នាំមុន ក្នុងតម្លៃជិត៣ពាន់លានដុល្លារកើនឡើង៧ភាគរយ ។

យោងតាមអ្នកប្រកបអាជីវកម្មក្នុងស្រុក ការឡើងថ្លៃនេះគឺមិនមែនជាលើកទីមួយទេ ដែលអង្ករវៀតណាមទទួលបានតម្លៃខ្ពស់ជាងប្រទេសថៃ ប៉ុន្តែការទទួលស្គាល់ម៉ាកយីហោរបស់វាកំពុងកើនឡើងនៅក្នុងទីផ្សារពិភពលោក។

លោក Pham Thai Binh អគ្គនាយកក្រុមហ៊ុន Trung An Hi-tech Farming Joint Stock Company ដែលមានមូលដ្ឋាននៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បាននិយាយថា៖«អង្ករក្រអូបវៀតណាមនៅតែតាមពីក្រោយប្រទេសថៃ ប៉ុន្តែវាកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងជាមួយអ្នកប្រើប្រាស់បរទេស”។

លោកបន្តថា ក្រុមហ៊ុនរបស់លោកនាំចេញអង្ករប្រមាណ ៣០ កុងតឺន័រទៅអឺរ៉ុបជារៀងរាល់ខែក្នុងតម្លៃ ៧០០ ទៅ១ ២៥០ ដុល្លារក្នុងមួយតោន។

ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានចុះបញ្ជីពាណិជ្ជសញ្ញា “Gao Ong Cua Vietnam” សម្រាប់ពូជស្រូវ ST24 និង ST25 ដែលបង្កើតឡើងដោយវិស្វករកសិកម្មលោក Ho Quang Cua។

ប្រភេទពូជST25 បានឈ្នះការប្រលងអង្ករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៩ ហើយ ប្រភេទST24 បានជាប់ចំណាត់ថ្នាក់ទីពីរក្នុងឆ្នាំ ២០១៧ ។

អង្កររបស់ក្រុមហ៊ុន Loc Troi Group ដែលមានពាណិជ្ជសញ្ញា ‘Com Vietnam Rice’ ត្រូវបានលក់នៅផ្សារទំនើបនានា នៅប្រទេសបារាំង ប្រមាណ៤ពាន់តោននៅឆ្នាំនេះ។

ក្រុមហ៊ុនក្នុងស្រុករំពឹងថាការនាំចេញអង្ករនឹងនៅតែមានទំហំធំ និងទទួលបានតម្លៃខ្ពស់សម្រាប់រយៈពេលបីឆ្នាំខាងមុខ ចាប់តាំងពីពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ និងការផ្គត់ផ្គង់ស្បៀងអាហារកំពុងធ្លាក់ចុះ។

វៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ហើយមានចំនួន ៧,៨ភាគរយ នៃពាណិជ្ជកម្មអង្ករពិភពលោក។ បច្ចុប្បន្នអង្កររបស់វៀតណាមត្រូវបានលក់ក្នុងប្រទេសចំនួន ២៨ ទាំងក្នុងតំបន់ និងជុំវិញពិភពលោកដោយភាគច្រើននៅអាស៊ី និងអឺរ៉ុប៕

ដោយ៖យុទ្ធ វីរៈ

ads banner