ស្ថាប័ននិងអង្គការគាំពារអ្នកកាសែតនៅបារាំង ទាមទារឱ្យអ៊ីរ៉ង់ដោះលែងអ្នកកាសែតដែលរាយការណ៍អំពីបាតុកម្មលើការស្លាប់របស់ Mahsa Amini
បារាំង៖ស្ថាប័ននិងអង្គការគាំពារអ្នកកាសែតនៅប្រទេសបារាំង ដូចជាសហជីពអ្នកសារព័ត៌មាន និងអង្គការអ្នករាយការណ៍គ្មានព្រំដែន បានអំពាវនាវឱ្យមានកោះដោះលែងអ្នកកាសែតជនជាតិអ៊ីរ៉ង់ម្នាក់ ដែលរស់នៅប្រទេសបារាំង ហើយត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនកាលពីមួយខែមុន ក្នុងពេលដែលលោកធ្វើសេចក្ដីរាយការណ៍អំពីបាតុកម្មផ្ទុះឡើងនៅប្រទេសអ៊ីរ៉ង់លើការស្លាប់របស់យុវតី Mahsa Amini។
អ្នកកាសែតជនជាតិអ៊ីរ៉ង់ លោក Vahid Shamsoddinnezhad ជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍បារាំង-អាល្លឺម៉ង់ Arte។បើតាមការផ្សាយរបស់ទូរទស្សន៍Arte កាលពីចុងសប្ដាហ៍កន្លងទៅ លោក Vahid Shamsoddinnezhad បានធ្វើដំណើរទៅទីក្រុង Kurdistan នៅក្នុងបេសកកម្មសម្រាប់ក្រុមហ៊ុនផលិតកម្ម Keyi និងស្ថានីយទូរទស្សន៍ Arte ដើម្បីរាយការណ៍ពីបាតុកម្មដែលផ្ទុះឡើងយ៉ាងក្ដៅគគុក ចំពោះករណីស្លាប់របស់យុវតី Mahsa Amini។
យុវតីវ័យ២២ឆ្នាំរូបនេះ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនរូបនាងនៅទីក្រុង Tehran ពីបទរំលោភលើច្បាប់នៃការស្លៀកពាក់ដ៏តឹងរឹងរបស់ប្រទេសអ៊ីរ៉ង់សម្រាប់ស្ត្រី។
សហភាពអ្នកសារព័ត៌មាន SNJ បានអំពាវនាវដល់រដ្ឋាភិបាលបារាំង ឱ្យធ្វើអន្តរាគមន៍ជួយឱ្យអាជ្ញាធរអ៊ីរ៉ង់ដោះលែងអ្នកសារព័ត៌មានវ័យក្មេង ដែលទើបតែបញ្ចប់ការសិក្សាពីសាលាសារព័ត៌មាននៅទីក្រុង Lille ភាគខាងជើងប្រទេសបារាំង នៅក្នុងឆ្នាំ២០២២នេះ។ បើតាមសហជីពមួយនេះ លោក Vahid Shamsoddinnezhad គ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មានប៉ុណ្ណោះ។
ដោយឡែក អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Sans Frontieres បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការតស៊ូមតិដើម្បីឱ្យមានការដោះលែង លោក Vahid Shamsoddinnezhad ក៏ដូចជាអ្នកសារព័ត៌មានចំនួន ៤៣នាក់ផ្សេងទៀត ដែលអង្គការនេះអះអាងថា កំពុងត្រូវបានអាជ្ញាធរអ៊ីរ៉ង់ឃុំខ្លួន។
ដោយឡែក អាជ្ញាធរអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាថា ខ្លួនបានដោះលែងអ្នកកាសែតចំនួន៨នាក់ ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលបាតុកម្ម។ ទាក់ទងនឹងករណីនេះ កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា អ្នកកាសែតអ៊ីរ៉ង់ជាង ៣០០នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដើម្បីរិះគន់អាជ្ញាធរអ៊ីរ៉ង់ចំពោះ ការចាប់ខ្លួនសហសេវិករបស់ខ្លួន និងការដកហូតសិទ្ធិស៊ីវិលរបស់ពួកគេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕
ដោយ៖កែវ កិរិយា