រុស្ស៊ីពិចារណាវិធានការវែងឆ្ងាយលើការចោទប្រកាន់ដែលថា អង់គ្លេសវាយប្រហារបំពង់បង្ហូរហ្គាស Nord Stream

រុស្ស៊ី៖មន្រ្តីជាន់ខ្ពស់នៃប្រទេសរុស្ស៊ី​បាន​អះ​អាង​​កាល​ពី​ថ្ងៃ​អង្គារ​​ទី​០១​ខែ​វិច្ឆិកា​នេះ​​ថា​ ខ្លួន​កំពុង​ពិចារណា​លើ​ «​ជំហាន​វែង​ឆ្ងាយ​» ​​ដើម្បី​ចាត់​វិធានការ ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ដែល​ថា​ ចក្រភព​អង់គ្លេស​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​បំពង់​បង្ហូរ​​ហ្គាស​ Nord Stream ​។​

ការ​អះ​អាង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​​លើក​ឡើង​​​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ បុគ្គលិក​កង​ទ័ព​ជើង​ទឹក​អង់គ្លេស​ បាន​បំផ្ទុះ​បំពង់​បង្ហូរ​ Nord Stream នៅ​ខែ​កញ្ញា​។

​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ លោក​ ឌ្មីទ្រី​ ប៉េស្កូវ​ ​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​មាន​ភស្តុតាង​ដែល​ថា​ ចក្រ​ភព​អង់គ្លេស​ មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ ជា​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ដ៏​សំខាន់​»​។ លោក​បន្ត​ថា​៖ «​​សកម្មភាព​បែប​នេះ​មិន​អាច​ទុក​មួយ​ឡែក​បាន​ទេ​។​ ជា​ការ​ពិត​ណាស់​ យើង​នឹង​គិត​អំពី​ជំហាន​វែង​ឆ្ងាយ​​ ដោយ​មិន​នៅ​ស្ងៀម​នោះ​ទេ»​។ ​

​ ការ​អះ​អាង​របស់​រុស្ស៊ី​ ធ្វើ​ឡើង​ដោយ​មិន​​​ផ្តល់​ភ័ស្តុ​តាង​ឱ្យ​បាន​ជាក់​លាក់​នោះ​ទេ ជុំ​វិញ​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឱ្យ​បំពង់​បង្ហូរ​ហ្គាសតម្លៃ​ពាន់​លាន​ដុល្លារ​​​ Nord Stream 1 និង​ Nord Stream 2 ត្រូវ​ធ្លាយ​នោះ​ទេ​។  ​

ចំណែក​ឯ​អង់គ្លេសវិញ​ បាន​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​រុស្ស៊ី​​​ថា​ជា​រឿង​មិន​ពិត​ ហើយថា​វា​​ជា​ការ​ឃោសនា​ដែល​រៀប​ចំ​ឡើង​​ ដើម្បី​បំបែរ​ការ​ចាប់​​អារម្មណ៍​​លើ​ការ​​បរាជ័យ​ផ្នែក​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​។​

នាយករដ្ឋ​មន្រ្តី​ថ្មី​អង់គ្លេស​លោក​ រីស្ស៊ី​ ស៊ូណាក់​ ថ្លែងកាល​ពី​​ថ្ងៃ​អង្គារ បន្ថែម​ពីលើ​​ការ​ច្រាន​ចោល​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​​​យ៉ាង​ដូច្នេះ​ថា​៖ «​ជាក់​ស្តែង​ យើង​កំពុង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​វា​ជា​ការ​ល្អ​ ដែល​អង់គ្លេស​មិន​ធ្លាក់​ចូល​ការ​បំបែរ​ការ​ចាប់​អារម្មណ៍​ ដែល​រុស្ស៊ី​រៀប​ចំ​»។

លោក​ ស៊ូណាក់​ បន្ត​ទៀត​ថា​៖ «​​ពួក​គេ​ (រុស្ស៊ី​) បន្ត​ការ​ទម្លាក់​គ្រាប់​បែក​មិន​រើស​មុខ​លើ​ជន​ស៊ីវិល​ និង​ការ​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ី​វិល​។​ នោះ​គឺ​ជា​ការ​ផ្តោត​​​របស់​យើង​ ហើយ​យើង​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ ដើម្បី​ឱ្យ​ពួក​គេ​ចាញ់​សង្រ្គាម​ខុស​ច្បាប់​នេះ​»​។​

គួរ​រំឭក​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ថា​ ប្រទេស​ស៊ុយអែត​កាល​ពី​សប្តាហ៍​មុន​ បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​​​លើ​ការ​ខូច​ខាត​បំពង់​បង្ហូរ​ហ្គាស​ Nord Stream ទាំង​ពីរ ដែល​ត្រូវ​បាន​សន្និដ្ឋាន​ថា​ ​លេច​ធ្លាយ​ដោយ​សារ​ការ​ផ្ទុះ​ ប៉ុន្តែ​មិន​ដឹង​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​៕

ដោយ៖ហួន ឌីណា

ads banner