ពលរដ្ឋឃុំរុនតាឯក បន្ថែមមុខរបរចាក់ស្មុក ដើម្បីបង្កើនចំណូល

សៀមរាប៖ការចាក់ស្មុក ជាការងាររបស់មនុស្សវ័យចំណាស់ ដែលគេតែប្រទះឃើញជាពិសេសនៅទីជនបទនានា។ គេយកស្លឹកត្នោតមកចាក់ចេញជារូបរាងរបស់ប្រើប្រាស់ផ្សេងៗ ដូចជា ចាន កន្ត្រក កន្ទេលនិងរបស់ប្រើប្រាស់មួយចំនួនទៀតឬសម្រាប់តាំងលម្អជាដើម។

ការចាក់ស្មុកនេះត្រូវការសំខាន់តែស្លឹកត្នោតប៉ុណ្ណោះ ហើយក៏មិនសូវចោទជាបញ្ហាទៀតសោត ដោយហេតុថា កម្ពុជាសម្បូរដើមត្នោតស្រាប់។ស្លឹកត្នោតដែលកាត់មកបាន ប្រជាជនរើសយកតែស្លឹកល្អៗ ហើយរៀបពង្រាយដាក់ហាលថ្ងៃរហូតដល់ស្លឹកនោះទន់បន្តិចទើបយកទៅចាក់ជាស្មុក។

ប្រជាជននៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីល្បាញខាងលក់នំអាកោត្នោត មិនចាញ់ភូមិព្រះដាក់ដែរនោះ បានចេះជំនាញចាក់ស្មុកនេះតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយមួយចំនួនបានយកការចាក់ស្មុកជារបរបន្ថែមក្រៅពីមុខរបរធ្វើស្រែចំការ និងលក់ដូរផង។

ជាតំបន់គម្រូដែលត្រូវបានប្រជាជនខ្មែរទូទៅស្គាល់តាមរយៈការរៀបចំផ្ទះសម្បែងបានស្អាត និងមានការរស់នៅបែបជាសហគមន៍ ឃុំរុនតាឯកបាននិងកំពុងអនុវត្តស្របទៅតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈការយកស្មុកទៅខ្ចប់បាយ ឬនំ។ ដូច្នេះហើយ ការចាក់ស្មុកនេះត្រូវប៉ាន់សម្រាប់អ្នកលក់នំអាកោនៅក្នុងតំបន់ ដែលពួកគេអាចយកទៅប្រើជំនួសឱ្យចានស្នោរ។

អ្នកស្រី អឿន ចន្ទ្រា ដែលជាអ្នកប្រមូលទិញស្មុកពីឃុំរុនតាឯកម្នាក់បានឱ្យដឹងថា ខ្លួនអាចប្រមូលទិញបានមួយថ្ងៃប្រហែល ២៥០ស្មុក និងសម្រាប់ថ្ងៃចុងសប្ដាហ៍ដែលប្រជាជនក្នុងភូមិទំនេរដៃច្រើន អ្នកស្រីអាចប្រមូលបានពី ៨០០ ទៅ ៩០០ស្មុកឯណោះ។

អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់អ្នកណាដែលគេពូកែចាក់ទៅ គេអាចរកបានមួយថ្ងៃ១ម៉ឺន ទៅ ១ម៉ឺន៥ពាន់ដែរ តែបើមិនសូវទេក៏អាចបាន ៥ ០០០រៀល ៦ ០០០រៀល ទុកគ្រាន់ទិញម្ហូប ទិញនំឱ្យកូនៗហូបដែរ។»

ក្រាលកន្ទេល អង្គុយជុំគ្នានៅទីធ្លាមុខផ្ទះ ស្រីៗដែលមានអាយុចន្លោះពី ៣០ ទៅ ៤០ ឆ្នាំកំពុងអង្គុយចាក់ស្មុកញាប់ដៃញាប់ជើង និងជជែកគ្នាសើចក្អាកក្អាយ។ ស្មុកដែលចាក់បាន ពួកគេដាក់តម្រៀបជាបាវៗ រង់ចាំឈ្មួញមកប្រមូលបន្តនៅពេលល្ងាច។

អ្នកប្រមូលទិញមួយរូបទៀតគឺអ្នកស្រី សូត ចាន់ធូ ក៏បានជួយឱ្យកំណើននៃការចាក់ស្មុកក្នុងភូមិកាន់តែកើនឡើងផងដែរ។ ស្មុកដែលអ្នកស្រីប្រមូលទិញបាន គឺនឹងត្រូវយកទៅវេចខ្ចប់នំអាកោត្នោតរបស់អ្នកស្រីតែម្ដង។

អ្នកស្រី សូត ចាន់ធូ បានរៀបរាប់ថា៖ «ពេលដាក់នំអាកោត្នោត ឬបាយនៅក្នុងប្រអប់ស្មុកនេះ ខ្ញុំសង្កេតឃើញថានំខ្ញុំមិនងាយនិងផ្អូមដូចដាក់ជ័រស្នោរទេ និយាយទៅគឺអាចដាក់បានរហូតដល់ពីរថ្ងៃ ហើយបានក្លិនឈ្ងុយចេញពីស្លឹកត្នោតថែមទៀត»។

មិនខុសគ្នាប៉ុន្មានពីអ្នកស្រី អឿន ចន្ទ្រា អ្នកស្រី សូត ចាន់ធូ អាចប្រមូលទិញស្មុកមួយថ្ងៃចន្លោះពី ៣០០ទៅ៤០០ស្មុក ដែលអាចជួយជីវភាពប្រជាជនក្នុងភូមបានមួយកម្រិតថែមទៀត ព្រោះមែនទែនទៅ ការងារនេះក៏មិនមែនជាការងារធ្ងន់ និងលំបាកពេកដែរ។

ក្នុងរូបភាពនេះ ក្រសួងបរិស្ថានបានប្រមូលចងក្រងអ្នកចាក់ស្មុកឱ្យទៅជាសហគមន៍ និងជួយផ្សព្វផ្សាយបន្ថែមដល់ទីផ្សារពួកគេដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន ស្របទៅនឹងអ្វីដែលក្រសួងតែងតែធ្វើកន្លងមក។

ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្លែងនៅក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធិផលការងារ នាសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២។

កន្លងមក ក្រៅពីការចងក្រងជាសហគមន៍ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រទៅលើមធ្យោបាយ ក៏ដូចជាហិរញ្ញវត្ថុ ដើម្បីឱ្យសហគមន៍ទាំងឡាយមានលទ្ធភាពនៅក្នុងការអភិវឌ្ឍដោយខ្លួនឯង ដូចជា ផ្តល់នូវពូជសត្វ ពូជដំណាំ ដែលទាំងអស់នេះ ហៅថាជាការបង្កើតនូវសន្តិសុខស្បៀងសម្រាប់គ្រួសារគាត់ផង និងសហគមន៍ផង៕

ដោយ៖ កែវ បុស្បា

ads banner