មេដឹកនាំហុងកុង ប្រកាសថានឹងស្ដារមុខមាត់ទីក្រុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះឡើងវិញ

ហុងកុង៖មេដឹកនាំហុងកុងលោក ចន លី (John Lee) បានលើកឡើងពីទំនាក់ទំនងរបស់ទីក្រុងជាមួយប្រទេសចិននៅក្នុងសុន្ទរកថាទៅកាន់នាយកប្រតិបត្តិហិរញ្ញវត្ថុកំពូលមួយចំនួនរបស់ពិភពលោក ខណៈដែលលោកជំរុញឱ្យកសាងឡើងវិញនូវមុខមាត់ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់ឡើងវិញ។ ខណៈដែលសេដ្ឋកិច្ចទីក្រុងនេះត្រូវរាំងស្ទះ ព្រោះតែយុទ្ធនាការណ៍ការទប់ស្កាត់ដ៏តឹងរ៉ឹងប្រឆាំងជំងឺកូវីដ១៩(COVID-19) ។

នាយកប្រតិបត្តិហុងកុង លោក Lee បានប្រាប់កិច្ចប្រជុំកំពូលវិនិយោគរបស់មេដឹកនាំហិរញ្ញវត្ថុសកលរបស់អាជ្ញាធររូបិយវត្ថុហុងកុងនៅថ្ងៃពុធថា ហុងកុងនឹងបន្តធ្វើការឆ្ពោះទៅរកការដកហូតបំរាម ស្ដីពីការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដ១៩។

មហាសេដ្ឋីធនាគារធំៗមួយចំនួនរបស់ពិភពលោក រួមទាំងលោក ដេវីដ សូឡូម៉ុន(David Solomon) របស់ Goldman Sachs និង James Gorman របស់ Morgan Stanleyក៏ ស្ថិតនៅក្នុងទីក្រុងហុងកុងជាលើកដំបូងដែរ ក្នុងរយៈពេលជិតបីឆ្នាំចុងក្រោយនេះ។

លោក លី បាននិយាយថា ៖«ហុងកុងនៅក្នុងទីក្រុងតែមួយ និងនៅតែជាកន្លែងតែមួយគត់នៅក្នុងពិភពលោក ដែលផលប្រយោជន៍សកលនិងអត្ថប្រយោជន៍របស់ចិននៅជាមួយគ្នា »។

លោកលីបានបន្ថែម ថា ៖«ការរួបរួមគ្នាតែមួយគត់នេះ ធ្វើឱ្យហុងកុងមានទំនាក់ទំនងដែលមិនអាចជំនួសបានរវាងដីគោក និងពិភពលោកទាំងមូល»។

លោកក៏បាននិយាយផងដែរថាហុងកុងកំពុងធ្វើការដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យកំពូលៗ ជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហានានាឈានទៅរកការអភិវឌ្ឍន៍ថ្មី ខណៈដែលអ្នកជំនាញៗជាច្រើននាក់នោះបានចាកចេញពីហុងកុងក្នុងរយៈពេល៣ឆ្នាំចុងក្រោយព្រោះតែវិធានការដ៏តឹងរ៉ឹងប្រឆាំងជំងឺកូវីដ១៩ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

លោកបន្ថែម ថា ៖«ដូចទីក្រុងធំៗជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ហុងកុងបានឆ្លងកាត់សម័យកាលរុងរឿងនិងធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្តែហុងកុងនៅតែមានជំហររឹងមាំ»។

នៅក្នុងសម័យប្រជុំទីមួយនៃកិច្ចប្រជុំនេះ អនុប្រធានគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC)បាននិយាយថា ហុងកុងគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ “មានសារៈសំខាន់ខ្លាំងណាស់” សម្រាប់ប្រទេសចិន។លោកថា អាជ្ញាធរមានបំណងចង់ឱ្យក្រុមហ៊ុនអន្តរជាតិជាច្រើនចុះបញ្ជីក្នុងទីក្រុងហុងកុង ដើម្បីពង្រីកសកម្មភាពទីផ្សារមូលធនរបស់ទីក្រុង។

ភាគហ៊ុនហុងកុងមានតម្លៃ១០.៨ពាន់លានដុល្លារគិតត្រឹមខែដើមខែវិច្ឆិកាក្នុងឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៧មក។ ខណៈដែលឆ្នាំមុខតម្លៃភាគហ៊ុនមានតម្លៃ៣៧.៧ពាន់លានដុល្លារអាមេរិក។

វិនិយោគិនសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំនេះ រួមមានសង្រ្គាមអ៊ុយក្រែន ការកើនឡើងអតិផរណា ការកើនឡើងតម្លៃថាមពល និងការរឹតបន្តឹង អត្រា​ការប្រាក់ ដែលជាសញ្ញាបង្ហាញពីស្ថានភាពសេដ្ឋកិច្ចដែលមានហានិភ័យខ្ពស់។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Goldman Sachs លោកSolomon បានប្រាប់និយាយថា វាអាចចំណាយពេលដល់ទៅប្រាំមួយត្រីមាសសម្រាប់ពិភពលោកដើម្បី”ធ្វើឱ្យមានតុល្យភាពឡើងវិញ” ។លោក​បាន​បន្ត​ថា​៖ «​នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​មួយ​ចំនួន​ដែល​យើង​ឈាន​ដល់​ឆ្នាំ ២០២៣»។ លោបន្តថា ៖«យើងនឹងចាប់ផ្តើមយល់កាន់តែច្បាស់អំពីគន្លងនៃទីផ្សារមូលធន… ខ្ញុំរំពឹងថា សេដ្ឋកិច្ចអាចមានលំនឹង នៅក្នុងត្រីមាសខាងមុខនេះ»៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner