ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ តែមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិឡើយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០ រហូតដល់ម៉ោង១៦:៣០ ដែលមានអ្នកចូលរួមប្រមាណ៩០០នាក់ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។ ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមលិខិតសម្តេចក្រឡាហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយនេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុង កំណត់ហេតុនៃកិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជម្រាបទៅតំណាងសមាគម អង្គការ មិនមែនរដ្ឋាភិបាល ថា ចំពោះសំណើសុំជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដោយមានអ្នកចូលរួមប្រមាណ៩០០នាក់ និងការដាក់ញត្តិតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១៦:៣០ នៅទីលានប្រជាធិបតេយ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតជូនតាមសំណើ។

ដើម្បីឱ្យដំណើរការរៀបចំសម្តែងមតិខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោក លោកស្រីត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវអនុវត្តតាមស្មារតីអង្គប្រជុំដែលបានឯកភាពកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា៕
ដោយ៖ពលជ័យ

ads banner