ក្រសួងព័ត៌មានច្រានចោលសេចក្តីថ្លែងការណ៍រួមស្តីពីការស្នើបញ្ចប់និទណ្ឌភាពឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបដិសេធចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជារបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងអង្គការសង្គមស៊ីវិលចំនួន ៣២ ផ្សេងទៀត។  

ឯកឧត្តម  មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ខ្លឹមសារនិងទិន្នន័យដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទណ្ឌកម្មភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា នោះមិនទាន់បានធ្វើបច្ចុប្បន្នភាព និងគ្មានអង្គហេតុច្បាស់លាស់ គ្មានប្រភពគ្រប់ជ្រុងជ្រោយ ។ លោកអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរណាស់បើធៀបនឹងបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ដែលមានករណីសម្លាប់អ្នកកាសែត។

លោកមាស សុភ័ណ្ឌ បញ្ជាក់ថា« ទីមួយ វាជាការសន្និដ្ឋានមួយដែលពុំឈរលើអង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗនោះទេ។ ទីពីរ ការវាយតម្លៃមុន មាននូវសេចក្តីសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ច របស់តុលាការ ថាករណីហ្នឹងវាពាក់ព័ន្ធនឹងករណីអ្វីខ្លះ តួយ៉ាង វាជាការរាយការណ៍ពាក់ព័ន្ធនឹងរឿងរស៊ើប រឿងក្តីអីនោះ។ ខ្ញុំគិតថា វាជាការវាយតម្លៃដែលប្រាសចាកសីលធម៌ក្នុងនាមជាអ្នកអនុវត្តវិជ្ជាជីវៈសារព័ត៌មាន »។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៃទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ក្រុមសមាគមកាសែតនិងអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងន័យអំពាវនាវឱ្យអាជ្ញាធរកម្ពុជាផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាននិងបញ្ឈប់ការយាយីលើអ្នកសារព័ត៌មាន និងជំរុញឱ្យមានវិធានការជាបន្ទាន់ដើម្បីធានាការស៊ើបអង្កេតប្រកបប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាព លើបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មានដែលរងអយុត្តិធម៌កន្លងមក។

សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ពីការធ្លាក់ចុះនូវស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបន្តធ្វើទុកបុកម្នេញដល់អ្នកប្រកបកិច្ចការក្នុងវិស័យសារព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែតយ៉ាងហោចណាស់ចំនួន ១៥នាក់ ត្រួវបានសម្លាប់នៅកម្ពុជា តាំងពីឆ្នាំ១៩៩៤ មក ខណៈ ១២នាក់ត្រូវបានសម្លាប់ដោយសារពូកគេរាយការណ៍ពីបញ្ហារសើប ហើយគ្មានជនល្មើសណាត្រួវបាននាំមកផ្តន្តាទោសឡើយ។

លោកណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) អះអាងថា ទិន្នន័យនិងព័ត៌មានដែលមានក្នុងសេចក្តីថ្លែងការណ៍រួមនេះ ជាការកត់ត្រាយ៉ាងត្រឹមត្រូវដែលមានការដកស្រង់ចេញពីការស្ទង់មតិថ្មីៗនេះ ពីការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបបន្ទុកផ្នែកសិទ្ធមនុស្សផង ។ ហើយខេមបូចាក៏បានពិនិត្យមើលរបាយការណ៍របស់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក វិទិត មុនតាប៊ន (VititMuntarbhorn) ដែលបានលើកឡើងពីក្តីព្រួយបារម្ភនៃបញ្ហានិទណ្ឌភាពប្រឆាំងអ្នកសារព៍ត៌មាននេះផងដែរ។

ទោះជាយ៉ាងណាក្ដី លោក មាស សុភ័ណ្ឌ តបថា ចាប់តាំងពីកម្ពុជាទទួលមានសន្តិភាពពេញលេញមក គ្មានឡើយករណីសម្លាប់អ្នកកាសែតអំឡុងចុះបំពេញភារកិច្ចនោះទេ ហើយលោកចាត់ទុករបាយការណ៍របស់សង្គមស៊ីវិលជាទិន្នន័យមិនបានធ្វើបច្ចុប្បភាព ។ លោកថា ក្រសួងព័ត៌មានបានធ្វើការកត់សម្គាល់ថា ករណីខ្លះជាករណីគ្រោះថ្នាក់ចរាចណ៍ ឬជាទំនាស់រវាងបុគ្គនិងបុគ្គល ឬទំនាស់ផលប្រយោជន៍តែប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាននោះទេ  និងករណីខ្លះនៅពុំទាន់បញ្ចប់សំណុំរឿងឡើយ។ លោកសង្កត់ធ្ងន់ថា៖« របាយការណ៍របស់ខេមបូចា គឺមិនបានសិក្សាស៊ីជម្រៅ និងគ្មានប្រភពគ្រប់ជ្រុង»។

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner