កម្ពុជាត្រៀមបញ្ជូនមន្ត្រីជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្តុះបណ្តាលអ្នកដោះមីននៅអ៊ុយក្រែន នៅដើមខែក្រោយ
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចមក អង្គភាពស៊ីម៉ាក់ បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺន ជូនអ្នកដោះមីននៅប្រទេសអ៊ុយក្រែន។
ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយមានគោលការណ៍នេះ អង្គភាពស៉ីម៉ាក់ និងភាគីជប៉ុន បានដំណើរការពិភាក្សាគ្នា យ៉ាងមមាញឹកបំផុត។ ជាផែនការក្រុមដំបូង អាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២ អាចបំពេញបេសកកម្មនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣»។
ឯកឧត្តម មិនទាន់អាចបញ្ជាក់ពីចំនួន ក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីនរបស់កម្ពុជា ដែលត្រូវចេញទៅប្រទេសអ៊ុយក្រែនថា មានចំនួនប៉ុន្មានទេ ដោយលោកអះអាងថា ចំនួនជាក់លាក់កំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។
ឯកឧត្តម ហេង រតនា មានមោទនភាពចំពោះបេសកកម្មនោះ ដែលមិនត្រឹមតែបានចូលរួមចំណែកជួយប្រជាជនអ៊ុយក្រែន រំដោះខ្លួនពីការស្លាប់ រងរបួសដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះទេ បន្ថែមលើសនេះបេសសកម្មនេះ ក៏ជាការចូលរួមលើកកម្ពស់ មោទនភាពជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីភ្លក់សង្គ្រាមជាច្រើនសទវត្សក្នុងព្រះរាជាណាចក្រកម្ពុជា ស្គាល់នូវសន្តិភាពដ៏ពេញលេញពិតប្រាកដមួយសំរាប់កម្ពុជា ដោយបានលើកកិតិ្តយសជាតិ ឱ្យស្មើមុខស្មើមាត់ ក្នុងឆាកអន្តរជាតិ។
សូមជម្រាបថា ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់លោកប្រធានាធិបតីអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។
លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ៕សេឌី