បុរសម្នាក់ជាម្ចាស់រថយន្ត Lexus 570 បានបាញ់យុវជនម្នាក់ស្លាប់នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្ត Lexus 570 បានបាញ់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យបណ្ដាលឲ្យស្លាប់ភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ហើយបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យបានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក ។
តាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្តLexus 570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថា ខ្លួនកំពុងតែបើករថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូមកប៉ះរថយន្តរបស់គាត់ហើយមិនព្រមឈប់ទេគឺព្យាយាមគេចបន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗផងនោះ ខ្លួនក៏បានដកកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តពីក្រោយតែម្ដងបណ្ដាលឱ្យស្លាប់តែម្ដង។
បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួររំលឹកថា នៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណាទេបានព្យាយាមជិះម៉ូតូគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែបើករថយន្តLexus 570 បានដកកាំភ្លើងខ្លីបាញ់ទៅលើយុវជនដែលគេសង្ស័យជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅម្ដុំសាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅតាមផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើរកុសល្យវិច័យរួចត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ប្រគល់ជូនសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា