កងកម្លាំងទាំង៣ផែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហ្វឹកហាត់សមត្រៀម ចូលពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២
ភំ្នពេញ៖ កងកម្លាំងសមត្ថកិច្ចជំនាញ ទាំង៣ផែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានធ្វើការហ្វឹកហាត់សមត្រៀម ដើម្បីចូលរួមពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២ ស្ថិតនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ បានឱ្យដឹងថា កងកម្លាំងទាំង៣ផែន មានសរុបចំនួន ៣៥០នាក់ គឺផែននាយកដ្ឋានការពារ ផែនអង្គភាពតម្រួតបទបញ្ជា និងអង្គភាពផែនអន្តរាគមន៍ បានរួមគ្នាធ្វើការហ្វឹកហាត់សមជារៀងរាល់ឆ្នាំ សម្រាប់ចូលរួមពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២ ដែលនឹងខិតជិតមកដល់នាថ្ងៃខាងមុខនេះ។ ឯកឧត្តម ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់គោរពវិន័យឱ្យបានម៉ឺងម៉ាត់ និងមានរបៀបរៀបរយស័ក្តិសមជាកងកម្លាំងនគរបាលជាតិ។
គួររំលឹកថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣ តទៅ គឺកម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជា និងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា៕ ដោយ៖ ឆៃហួត និងប៊ុនធី