សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន លើក ទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូល ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើក ទី២៥ កិច្ចប្រជុំកំពូល អាស៊ាន – សាធារណរដ្ឋកូរ៉េ លើក ទី២៣ កិច្ចប្រជុំកំពូល អាស៊ានបូកបី លើក ទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើក ទី១០ កិច្ចប្រជុំកំពូលអាស៊ាន – អូស្ត្រាលី លើកទី២កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។ នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រមុខ រដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខ រដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញ ចូលរួម កម្មវិធីជំនួបដោយឡែកពីគ្នាជាមួយតំណាង នៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃ ក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។
ថ្នាក់ដឹកនាំ ក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ ដឹកនាំ នៃ ដៃគូ សន្ទនា អាស៊ាន មួយចំនួនក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំ កំពូល អាស៊ាន លើកទី៤០ និងលើកទី៤១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ ញញួរ ប្រធាន អាស៊ានជូន ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ នៅរវាងកិច្ចប្រជុំដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយ ចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏នឹង អញ្ជើញ ជាអធិបតី ក្នុង ពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូល ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ ។ ឯកឧត្តម ក៏រំពឹងថានឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជន មួយចំនួនផងដែរ៕
ដោយ៖ពលជ័យ