ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានបំផុសឱ្យមានស្មារតី សាកល្បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍនូវជំនាញពេញមួយជីវិត
រតនគិរី ៖ លោកជំទាវ ឃឹម សុខឃាង អនុប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានបំផុសឱ្យមានស្មារតី សាកល្បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួននិងអភិវឌ្ឍនូវជំនាញពេញមួយជីវិត។
ការថ្លែងនូវការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ស្នាដៃរបស់សិស្សផ្នែកវិទ្យាសាស្រ្ត ស្ទែម (STEM) លើប្រធានបទចំនួន ៤០ និងការតាំងបង្ហាញអំពី សិល្បៈវប្បធម៌ កីឡាបំណិនជីវិត កម្មវិធីបណ្តុះឥរិយាបទវិជ្ជមានរបស់សិស្សនៅវិទ្យាល័យ សម្តេចឪសម្តេចម៉ែ នាព្រឹកថ្ងៃទី៤ ខែវិច្ចកា ឆ្នាំ២០២២ ។
លោកជំទាវបន្តថា ការគិតតាមបែបត្រិះរិះ ភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលយើងកំពុងជួបប្រទះ នៅក្នុងសង្គមកម្ពុជា និងនៅលើសកលលោក ។ លោកជំទាវបានចាត់ទុកការចូលរួមរបស់ក្មួយៗយុវជន
ទាំងអស់ដែលពិសេសក្មួយៗដែល បានរៀបចំការតាំងពិព័រណ៌ស្នាដៃប្រចាំឆ្នាំ២០២២នេះ ដែលស្តែងចេញឱ្យឃើញពីការប្តេជ្ញាព្យាយាម និងសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯង ដើម្បីបង្កើតគម្រោងនានា ទាំងនៅសាលានិងនៅគេហដ្ឋានក្តី ដែលទទួលបានការគាំទ្រណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលពិតជាបានជួយឱ្យសហគមន៍សាលារៀន បានជួបជុំគ្នា និងរឹតតែរំភើបជាពន់ពេកចំពោះការរៀបចំប្រកបដោយជោគជ័យ ក៏ដូចគាំទ្រចំពោះការរៀបចំដំណើរការផ្សេងៗប្រកបដោយនវានុវត្តន៍ ។
លោកជំទាវបានប្តេជ្ញាគាំទ្រព្រឹត្តិការណ៍តាំងពិព័រណ៍ស្នាដៃសិស្សនាឱកាសនេះ អាចប្រព្រឹត្តិទៅបានកាន់តែអស្ចារ្យនិងប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំដើម្បីឱ្យ ការតាំងពិព័រណ៍បង្ហាញស្នាដៃសិស្សសម្រាប់ខេត្តរតនគិរីនាឱកាសនេះ ពិតជាបានចូលរួមជាមួយពិភពលោក ក្នុងការចូលរួមចំណែកកសាងអនាគត ប្រកបដោយចីរភាព ដែលបានលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃគោលនយោបាយនានា តួយ៉ាងគោលនយោបាយស្ទែម គោលនយោបាយសុខភាពសាធារណៈ កិច្ចការពារបរិស្ថាន ជីវចម្រុះ និងការឈានឆ្ពោះទៅបដិវត្តឧស្សាហកម្ម ៤.០ ជាដើម។
នៅក្នុងឱកាសនេះលោកជំទាវ បានឧបត្ថម្ភ ថវិកាចំនួន ២លានរៀល ជូនដល់ គណៈគ្របគ្រង់កម្មវិធីសាលា ព្រមទាំង បានប្រគល់លិខិត សរសើរ ជូនដល់ លោកគ្រូអ្នកគ្រូ និងបានចូលរួមទស្សនា ស្តង់ពិព័រណ៍ស្នាដៃ របស់សិស្ស ចំនួន ៨០ស្តង់ នាឱ្យកាសនោះផងដែ ៕ ដោយ គតិ យុត្ត